យោងតាមការចុះផ្សាយពីប្រភពបរទេស ជាទូទៅ ទឹកនោមអាចមានក្លិនបន្តិចដោយសារអាហារ ភេសជ្ជៈ ឬការផឹកទឹកមិនគ្រប់គ្រាន់។ ប៉ុន្តែប្រសិនបើទឹកនោមមានក្លិនខ្លាំង ឬក្លិនប្លែកខុសធម្មតា ជាពិសេសកើតឡើងជាបន្តបន្ទាប់ វាអាចពាក់ព័ន្ធនឹងបញ្ហាសុខភាពមួយចំនួន។
មូលហេតុដែលអាចធ្វើឱ្យទឹកនោមមានក្លិនខ្លាំង មានដូចជា ការផឹកទឹកតិចពេក ការទទួលទានកាហ្វេ អាហារមួយចំនួន ថ្នាំ ឬវីតាមីនមួយចំនួន។ នៅពេលរាងកាយខ្វះទឹក ទឹកនោមនឹងមានភាពខាប់ និងក្លិនខ្លាំងជាងធម្មតា។
ប៉ុន្តែទឹកនោមមានក្លិនខ្លាំង ក៏អាចជាសញ្ញានៃជំងឺដូចជា ការឆ្លងមេរោគផ្លូវទឹកនោម ជំងឺទឹកនោមផ្អែមដែលមានជាតិស្ករក្នុងឈាមខ្ពស់ ជំងឺថ្លើម ឬបញ្ហាមិនប្រក្រតីមួយចំនួននៃប្រព័ន្ធទឹកនោម និងរាងកាយ។
ប្រសិនបើមានក្លិនទឹកនោមខ្លាំង រួមជាមួយរោគសញ្ញាដូចជា នោមឈឺ ឬក្រហាយ នោមមានពពក នោមមានឈាម ក្តៅខ្លួន ឈឺពោះ ឈឺខ្នង ចង្អោរ ក្អួត ទឹកនោមមានក្លិនផ្អែម ឬស្បែកនិងភ្នែកលឿង គួរទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យរកមូលហេតុឱ្យបានច្បាស់។
ដូច្នេះ ប្រសិនបើទឹកនោមមានក្លិនខ្លាំងខុសធម្មតា មិនគួរមើលរំលងឡើយ។ អាចចាប់ផ្តើមដោយផឹកទឹកឱ្យគ្រប់គ្រាន់ និងសង្កេតមើលការប្រែប្រួល ប៉ុន្តែបើក្លិននៅតែខ្លាំង ឬមានរោគសញ្ញាផ្សេងទៀត គួរពិគ្រោះជាមួយអ្នកជំនាញសុខភាព៕