យោងតាមការចុះផ្សាយពីប្រភពបរទេស ការភ្ញាក់ពីដំណេកដើម្បីនោមនៅពេលយប់ ១–២ ដង អាចកើតឡើងដោយសារផឹកទឹកច្រើនមុនចូលគេង ឬផឹកកាហ្វេ និងស្រានៅពេលល្ងាច។ ប៉ុន្តែប្រសិនបើនោមញឹកជាប្រចាំ ឬមានរោគសញ្ញាផ្សេងទៀតរួមជាមួយ អាចជាសញ្ញាដែលគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត។
សញ្ញាដែលគួរប្រុងប្រយ័ត្នមានដូចជា ភ្ញាក់នោមលើសពី ២–៣ ដងក្នុងមួយយប់ នោមតិចតែញឹក មានអារម្មណ៍ឈឺឬក្រហាយពេលនោម ឈឺត្រង់ពោះក្រោម ឬខ្នង នោមមានឈាម ឬមានពណ៌ស្រអាប់ខុសធម្មតា ព្រមទាំងអស់កម្លាំង ឬងងុយគេងខ្លាំងនៅពេលថ្ងៃដោយសារគេងមិនគ្រប់។
មូលហេតុអាចមានចាប់ពីការផឹកទឹកច្រើនមុនចូលគេង បញ្ហាប្លោកនោម ជាតិស្ករក្នុងឈាមខ្ពស់ ជំងឺទឹកនោមផ្អែម ក្រពេញប្រូស្តាតរីកធំ ការឆ្លងមេរោគផ្លូវទឹកនោម រហូតដល់បញ្ហាតម្រងនោម ឬជំងឺបេះដូងមួយចំនួន។
ដើម្បីកាត់បន្ថយការនោមពេលយប់ គួរបន្ថយការផឹកទឹកប្រហែល ២–៣ ម៉ោងមុនចូលគេង ជៀសវាងកាហ្វេ និងស្រានៅពេលល្ងាច ហើយបន្ទោរបង់ទឹកនោមឱ្យអស់មុនចូលគេង។ ប្រសិនបើរោគសញ្ញាកើតឡើងញឹកញាប់ ឬមានសញ្ញាមិនប្រក្រតីដូចខាងលើ គួរទៅជួបវេជ្ជបណ្ឌិត ដើម្បីស្វែងរកមូលហេតុឱ្យបានច្បាស់លាស់៕