យោងតាមការចុះផ្សាយពីប្រភពបរទេស ការងារដែលមានសម្ពាធ និងភាពតានតឹងជាបន្តបន្ទាប់ អាចធ្វើឱ្យមនុស្សម្នាក់ឈានទៅរក អាការៈអស់កម្លាំងចិត្តពីការងារ។ វាមិនមែនគ្រាន់តែជាការហត់នឿយធម្មតា ប៉ុន្តែជាស្ថានភាពដែលកើតពីភាពតានតឹងរ៉ាំរ៉ៃនៅកន្លែងធ្វើការ រហូតប៉ះពាល់ដល់អារម្មណ៍ កម្លាំងចិត្ត និងប្រសិទ្ធភាពការងារ។
សញ្ញាសំខាន់ៗដែលអាចបង្ហាញថាកំពុងមានបញ្ហានោះរួមមាន មានអារម្មណ៍ហត់នឿយ និងអស់កម្លាំងជាប្រចាំ បាត់បង់កម្លាំងចិត្តក្នុងការធ្វើការ មានអារម្មណ៍អវិជ្ជមានចំពោះការងារ មិនសូវជឿជាក់លើសមត្ថភាពខ្លួនឯង និងមានអារម្មណ៍ថាប្រសិទ្ធភាពការងារធ្លាក់ចុះ។ ទំនាក់ទំនងជាមួយមិត្តរួមការងារ ឬអ្នកដទៃក៏អាចកាន់តែអវិជ្ជមានផងដែរ។
ដើម្បីទប់ស្កាត់បញ្ហានេះ គួររៀន កុំធ្វើការហួសកម្លាំង ព្យាយាមបែងចែកពេលវេលារវាងការងារ និងជីវិតផ្ទាល់ខ្លួន ញ៉ាំអាហារឱ្យទៀងទាត់ សម្រាកឱ្យគ្រប់គ្រាន់ ហាត់ប្រាណ និងរកពេលធ្វើសកម្មភាពដែលខ្លួនចូលចិត្ត។ ប្រសិនបើមានបញ្ហាពិបាកដោះស្រាយ គួរចេះសុំជំនួយ ឬពិគ្រោះជាមួយអ្នកជំនាញ។
គួរប្រុងប្រយ័ត្នផងដែរ ព្រោះភាពតានតឹង និង Burnout អាចមានរោគសញ្ញាស្រដៀងនឹង ជំងឺធ្លាក់ទឹកចិត្ត ប៉ុន្តែទាំងពីរមិនមែនជារឿងដូចគ្នាទេ។ ប្រសិនបើអារម្មណ៍អស់កម្លាំង បាត់បង់ចំណាប់អារម្មណ៍ មិនចង់ធ្វើអ្វី ឬបញ្ហាផ្លូវចិត្តបន្តរយៈពេលយូរ និងប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ គួរទៅជួបអ្នកជំនាញសុខភាពផ្លូវចិត្ត ដើម្បីវាយតម្លៃឱ្យបានត្រឹមត្រូវ។
សុខភាពផ្លូវចិត្តក៏សំខាន់ដូចសុខភាពរាងកាយដែរ។ កុំរង់ចាំរហូតដល់អស់កម្លាំងទាំងស្រុង ទើបចាប់ផ្តើមថែរក្សាខ្លួន៕