យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនគិតថា មុនឡើងលើថ្ងាសមានន័យថាគេងយប់ជ្រៅ ឬមុនឡើងលើចង្កាគឺបណ្តាលមកពីអ័រម៉ូន ប៉ុន្តែការពិត មុនអាចកើតឡើងដោយសារកត្តាជាច្រើន ដូចជា អ័រម៉ូន ជាតិខ្លាញ់ក្នុងស្បែក ភាពតានតឹង ការគេងមិនគ្រប់ និងអាហារមួយចំនួន។
មុននៅលើថ្ងាស អាចកាន់តែច្រើននៅពេលញ៉ាំអាហារផ្អែម អាហារចៀន និងអាហាររហ័សជាញឹកញាប់។ ចំណែកមុននៅលើថ្ពាល់ អាចពាក់ព័ន្ធនឹងផលិតផលទឹកដោះគោ ឬអាហារកែច្នៃក្នុងមនុស្សមួយចំនួន ប៉ុន្តែទូរស័ព្ទដៃ ស្រោមខ្នើយ និងធូលីក៏អាចជាកត្តាធ្វើឱ្យមុនកាន់តែធ្ងន់ផងដែរ។
សម្រាប់មុននៅតំបន់ចង្កា និងជុំវិញថ្គាម ជាញឹកញាប់អាចពាក់ព័ន្ធនឹងការប្រែប្រួលអ័រម៉ូន ជាពិសេសចំពោះស្ត្រី ប៉ុន្តែការញ៉ាំអាហារដែលមានជាតិស្ករខ្ពស់ក៏អាចធ្វើឱ្យមុនរលាកកាន់តែខ្លាំងបាន។
ចំណុចសំខាន់ គឺ “អាឡែស៊ីអាហារ” មិនដូចនឹង “អាហារដែលជំរុញឱ្យកើតមុន” ទេ។ ការអាឡែស៊ីអាហារ អាចបង្កឱ្យមានរោគសញ្ញាដូចជា រមាស់ កន្ទួល ហើម ឬពិបាកដកដង្ហើម ខណៈអាហារដែលជំរុញមុន អាចធ្វើឱ្យមុនកើនឡើងដោយសារឥទ្ធិពលលើជាតិស្ករក្នុងឈាម អ័រម៉ូន និងការរលាក។
ដូច្នេះ មិនអាចមើលតែទីតាំងមុន ហើយសន្និដ្ឋានថា “អាឡែស៊ីអាហារ” បាន ១០០% ទេ។ ប្រសិនបើសង្ស័យថាអាហារមួយចំនួនធ្វើឱ្យមុនកាន់តែច្រើន អាចកត់ត្រាអាហារដែលញ៉ាំ និងការប្រែប្រួលនៃស្បែក ដើម្បីសង្កេតមើលទំនាក់ទំនង។
ការកាត់បន្ថយអាហារផ្អែម ភេសជ្ជៈមានជាតិស្ករ និងអាហារកែច្នៃ ព្រមទាំងញ៉ាំបន្លែ ផ្លែឈើ គេងឱ្យគ្រប់ និងថែរក្សាអនាម័យស្បែក អាចជួយគ្រប់គ្រងបញ្ហាមុនបាន។ ប្រសិនបើមុនធ្ងន់ ឬកើតជាបន្តបន្ទាប់ គួរពិគ្រោះជាមួយអ្នកជំនាញសុខភាព ដើម្បីរកមូលហេតុឱ្យបានច្បាស់៕