យោងតាមការចុះផ្សាយពីប្រភពបរទេស បើអ៊ុតខោអាវជាច្រើនដងហើយនៅតែមានស្នាមជ្រីវជ្រួញ មិនប្រាកដថាឆ្នាំងអ៊ុតមានបញ្ហានោះទេ។ មូលហេតុអាចមកពីសំណើម សីតុណ្ហភាព វិធីហាល និងបច្ចេកទេសអ៊ុតដែលមិនសមស្រប។
ទី១ សម្លៀកបំពាក់ស្ងួតពេក ឬសើមពេក
ខោអាវដែលស្ងួតខ្លាំង អាចពិបាកបំបាត់ស្នាមជ្រីវជ្រួញ ខណៈដែលខោអាវសើមខ្លាំងក៏ធ្វើឱ្យអ៊ុតយូរ។ ប្រសិនបើស្ងួតពេក អាចបាញ់ទឹកបន្តិច ឬប្រើមុខងារចំហាយរបស់ឆ្នាំងអ៊ុត ដោយអនុវត្តតាមស្លាកណែនាំលើខោអាវ។
ទី២ កំណត់កម្តៅមិនត្រូវនឹងប្រភេទក្រណាត់
ក្រណាត់នីមួយៗមានកម្រិតធន់នឹងកម្តៅខុសគ្នា។ កម្តៅទាបពេកអាចធ្វើឱ្យស្នាមជ្រីវជ្រួញមិនបាត់ ខណៈកម្តៅខ្ពស់ពេកអាចធ្វើឱ្យក្រណាត់ខូច។ ដូច្នេះ គួរពិនិត្យសញ្ញាណែនាំលើស្លាកខោអាវជាមុន។
ទី៣ បាតឆ្នាំអ៊ុតកខ្វក់
កាកសំណល់ដែលជាប់លើបាតឆ្នាំងអ៊ុត អាចធ្វើឱ្យអ៊ុតមិនរលូន និងអាចបន្សល់ស្នាមលើខោអាវ។ គួរសម្អាតតាមការណែនាំរបស់ក្រុមហ៊ុនផលិត និងសម្អាតកំបោរនៅក្នុងឆ្នាំងអ៊ុតចំហាយជាប្រចាំ។
ទី៤ អ៊ុតមិនត្រឹមត្រូវ អាចធ្វើឱ្យជ្រីវជ្រួញកាន់តែច្រើន
មុនអ៊ុត គួររៀបខោអាវឱ្យរាបស្មើលើតុ ហើយអ៊ុតម្តងមួយផ្នែក។ គួរចាប់ផ្តើមពីតំបន់ដែលពិបាករៀប ដូចជា កអាវ និងដៃអាវ។
ទី៥ ខោអាវជ្រីវជ្រួញតាំងពីមុនអ៊ុត
បើទុកខោអាវក្នុងម៉ាស៊ីនបោកគក់ ឬក្នុងកន្ត្រកយូរពេក បន្ទាប់ពីបោករួច ស្នាមជ្រីវជ្រួញអាចកាន់តែជាប់។ ដូច្នេះ គួរយកចេញឱ្យបានឆាប់ អង្រួនឱ្យរលុង និងរៀបរាងមុនយកទៅហាល។
ដើម្បីឱ្យអ៊ុតងាយ និងខោអាវរលោងជាងមុន គួរអង្រួនខោអាវមុនហាល រៀបចំអ៊ុតតាមលំដាប់សីតុណ្ហភាព និងកុំអ៊ុតដោយមិនពិនិត្យស្លាកណែនាំលើខោអាវ។
សរុបមក បើអ៊ុតយ៉ាងណាក៏មិនរាបរលោង កុំទាន់ស្តីបន្ទោសឆ្នាំងអ៊ុត។ គួរពិនិត្យទាំងសំណើម សីតុណ្ហភាព ភាពស្អាតរបស់បាតឆ្នាំង វិធីអ៊ុត និងការរៀបចំខោអាវមុនអ៊ុត ព្រោះចំណុចតូចៗទាំងនេះអាចមានឥទ្ធិពលយ៉ាងខ្លាំងលើភាពរលោងរបស់សម្លៀកបំពាក់៕