យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនជឿថា ការហាត់ប្រាណនៅពេលពោះទទេ ជាពិសេសនៅពេលព្រឹកមុនញ៉ាំអាហារ អាចជួយឱ្យរាងកាយដុតខ្លាញ់បានច្រើន និងសម្រកទម្ងន់បានលឿន។ ប៉ុន្តែការស្រាវជ្រាវមិនទាន់បញ្ជាក់ថា វាល្អជាងការហាត់ប្រាណបន្ទាប់ពីញ៉ាំអាហារឡើយ។
ការហាត់ប្រាណពេលពោះទទេអាចធ្វើឱ្យរាងកាយប្រើខ្លាញ់ស្តុកជាប្រភពថាមពលបានច្រើនក្នុងអំឡុងពេលហាត់ប្រាណ។ ទោះជាយ៉ាងណា ការដុតខ្លាញ់បានច្រើននៅពេលហាត់ប្រាណ មិនមានន័យថា ខ្លាញ់ក្នុងរាងកាយនឹងថយចុះច្រើនជាងមុនជានិច្ចនោះទេ។ ការសិក្សាមួយចំនួនក៏រកឃើញថា អ្នកហាត់ប្រាណទាំងពេលពោះទទេ និងបន្ទាប់ពីញ៉ាំអាហារ អាចស្រកទម្ងន់ និងខ្លាញ់ក្នុងរាងកាយបានដែរ។
ចំណុចដែលគួរប្រុងប្រយ័ត្ន គឺការហាត់ប្រាណពេលពោះទទេអាចធ្វើឱ្យមនុស្សខ្លះមានអារម្មណ៍អស់កម្លាំង វិលមុខ ចង់ក្អួត ឬញ័រ ជាពិសេសនៅពេលហាត់ប្រាណខ្លាំង ឬយូរ។ រាងកាយក៏អាចប្រើប្រូតេអ៊ីនជាថាមពល ដែលមិនល្អសម្រាប់ការរក្សា និងស្តារសាច់ដុំ។
ដូច្នេះ ប្រសិនបើចង់ហាត់ប្រាណឱ្យមានប្រសិទ្ធភាព គួរផ្តោតលើការទទួលទានអាហារមានតុល្យភាព និងជ្រើសរើសពេលវេលាដែលសមស្របនឹងរាងកាយរបស់ខ្លួន។ ប្រសិនបើញ៉ាំអាហារមុនហាត់ប្រាណ គួរជ្រើសអាហារងាយរំលាយដែលមានកាបូអ៊ីដ្រាត និងប្រូតេអ៊ីន ប្រហែល ២–៣ ម៉ោងមុនហាត់ ឬអាហារសម្រន់បរិមាណតិច ប្រសិនបើមានពេលតិច។
ក្រោយហាត់ប្រាណ គួរទទួលទានអាហារដែលមានកាបូអ៊ីដ្រាត ប្រូតេអ៊ីន និងជាតិសរសៃ ដើម្បីជួយឱ្យរាងកាយស្តារថាមពល និងសាច់ដុំឡើងវិញ។ ការផឹកទឹកឱ្យគ្រប់គ្រាន់មុន ពេលកំពុងហាត់ និងក្រោយហាត់ ក៏សំខាន់ដែរ។
សរុបមក ហាត់ប្រាណពេលពោះទទេមិនមែនជាវិធីអស្ចារ្យសម្រាប់សម្រកខ្លាញ់ឡើយ។ អ្វីដែលសំខាន់ជាងគេ គឺការហាត់ប្រាណជាប្រចាំ អាហារមានតុល្យភាព និងការជ្រើសរើសវិធីដែលធ្វើឱ្យអ្នកអាចហាត់បានដោយសុវត្ថិភាព និងបន្តបានយូរ៕