យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនបារម្ភថា ការញ៉ាំស៊ុតរាល់ថ្ងៃអាចធ្វើឱ្យកម្រិតកូឡេស្តេរ៉ុលក្នុងឈាមកើនឡើង។ ប៉ុន្តែសម្រាប់មនុស្សដែលមានសុខភាពល្អ អ្នកជំនាញបញ្ជាក់ថា អាចញ៉ាំស៊ុតបានប្រហែល ១គ្រាប់ក្នុងមួយថ្ងៃ ជាផ្នែកមួយនៃរបបអាហារដែលមានតុល្យភាព។
ស៊ុតមានប្រូតេអ៊ីន និងសារធាតុចិញ្ចឹមជាច្រើន ដូចជា Choline, Selenium, ជាតិដែក, ស័ង្កសី និងវីតាមីន D, B12 និង B6។ ជាពិសេស ស៊ុតលឿងមានសារធាតុចិញ្ចឹមច្រើនជាងស៊ុតស ប៉ុន្តែក៏មានកូឡេស្តេរ៉ុលផងដែរ។
សម្រាប់អ្នកចង់សម្រកទម្ងន់ ស៊ុតអាចជាជម្រើសល្អសម្រាប់អាហារពេលព្រឹក ព្រោះប្រូតេអ៊ីនអាចជួយឱ្យឆ្អែតបានយូរ។ គួរញ៉ាំជាមួយបន្លែ ផ្លែឈើ និងអាហារដែលមានជាតិសរសៃ ដើម្បីឱ្យរបបអាហារមានតុល្យភាព។
ចំពោះអ្នកដែលមាន ខ្លាញ់ថ្លើម ឬជាតិខ្លាញ់ក្នុងឈាមខ្ពស់ មិនចាំបាច់ឈប់ញ៉ាំស៊ុតទាំងស្រុងទេ ប៉ុន្តែគួរគ្រប់គ្រងបរិមាណ។ ប្រភពណែនាំឱ្យអ្នកមានខ្លាញ់ថ្លើមញ៉ាំជាមធ្យមប្រហែល ២–៣គ្រាប់ក្នុងមួយសប្តាហ៍ និងផ្តល់អាទិភាពដល់ស៊ុតស្ងោរ ឬចំហុយ ជំនួសស៊ុតចៀនដែលប្រើប្រេងច្រើន។
សរុបមក ស៊ុតមិនមែនជាអាហារដែលត្រូវហាមឃាត់សម្រាប់មនុស្សទូទៅនោះទេ។ អ្វីដែលសំខាន់គឺបរិមាណ របៀបចម្អិន និងរបបអាហារសរុបប្រចាំថ្ងៃ។ គួរបន្ថែមបន្លែ ផ្លែឈើ ត្រី គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនដែលមានជាតិខ្លាញ់ទាប ហើយកាត់បន្ថយអាហារចៀន សាច់កែច្នៃ សាច់ខ្លាញ់ និងអាហារដែលមានជាតិស្ករខ្ពស់៕