យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនជឿថា ញ៉ាំផ្លែឈើពេលល្ងាចនឹងធ្វើឱ្យឡើងទម្ងន់ ប៉ុន្តែជាក់ស្តែង ការញ៉ាំផ្លែឈើពេលល្ងាច មិនធ្វើឱ្យធាត់ដោយស្វ័យប្រវត្តិទេ។ កត្តាសំខាន់គឺបរិមាណថាមពលសរុបដែលទទួលបានក្នុងមួយថ្ងៃ។
ផ្លែឈើនីមួយៗមានបរិមាណស្ករ កាបូអ៊ីដ្រាត និងថាមពលខុសគ្នា ដូច្នេះគួរញ៉ាំក្នុងបរិមាណសមរម្យ។ ផ្លែឈើទាំងមូល ជាជម្រើសល្អជាងទឹកផ្លែឈើ ព្រោះមានជាតិសរសៃ និងជួយឱ្យឆ្អែតបានល្អជាង។
សម្រាប់អ្នកកំពុងសម្រកទម្ងន់ អាចញ៉ាំផ្លែឈើពេលល្ងាចបាន ដោយប្រើវាជំនួសនំផ្អែម ឬអាហារសម្រន់ដែលមានស្ករ និងថាមពលខ្ពស់។ អាចជ្រើសរើសដូចជា ត្របែក ក្រូច ផ្លែប៉ោម ឪឡឹក ស្ត្របឺរី ឬផ្លែនាគ។
ប៉ុន្តែគួរជៀសវាងការញ៉ាំច្រើនពេក ឬបន្ថែមស្ករ ទឹកដោះគោខាប់ និងក្រែម ព្រោះអាចធ្វើឱ្យថាមពលសរុបកើនឡើង។
សរុប៖ មិនចាំបាច់ហាមផ្លែឈើពេលល្ងាចទេ។ អ្វីសំខាន់គឺជ្រើសរើសផ្លែឈើល្អ ញ៉ាំក្នុងបរិមាណសមរម្យ និងគ្រប់គ្រងអាហារសរុបប្រចាំថ្ងៃ៕