មនុស្សជាច្រើនតែងតែយល់ច្រឡំថា អាការៈងងុយគេងគ្រប់ពេល គ្មានកម្លាំងកំហែង ធ្ងន់ក្បាល និងឆាប់ហត់ កើតចេញពីសម្ពាធការងារច្រើន ឬការគេងមិនគ្រប់គ្រាន់។ ប៉ុន្តែការពិតទៅ ទោះបីជាអ្នកព្យាយាមសម្រាកពេញមួយចុងសប្តាហ៍ ឬគេងលើសពី ៨ ម៉ោងក៏ដោយ ក៏អារម្មណ៍អស់កម្លាំងនៅតែមិនបាត់ទៅណា ពីព្រោះរាងកាយរបស់អ្នកកំពុងតែ «ស្រែកឃ្លាន» ជីវជាតិចម្បងមួយគឺ ម៉ាញ៉េស្យូម (Magnesium) រួមជាមួយ វីតាមីន B-Complex។
+ហេតុអ្វីបានជាម៉ាញ៉េស្យូមសំខាន់ម្ល៉េះ?
ម៉ាញ៉េស្យូមប្រៀបដូចជា «ប្រភពភ្លើង» នៃរាងកាយ។ វាចូលរួមក្នុងដំណើរការជីវគីមីជាង ៣០០ ប្រភេទក្នុងសារពាង្គកាយ៖
បង្កើតថាមពលកោសិកា (ATP)៖ បើគ្មានម៉ាញ៉េស្យូម រាងកាយមិនអាចបំប្លែងចំណីអាហារទៅជាថាមពលបានឡើយ ធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំងរ៉ាំរ៉ៃ។
សម្រួលប្រព័ន្ធប្រសាទ និងសាច់ដុំ៖ កង្វះជីវជាតិនេះធ្វើឱ្យសាច់ដុំកន្ត្រាក់ ស្ពឹក ក្រហាយសរសៃ និងពិបាកគេងលក់ស្កប់ស្កល់។
គ្រប់គ្រងអ័រម៉ូនស្ត្រេស (Cortisol)៖ ជួយឱ្យចិត្តស្ងប់ កាត់បន្ថយការថប់បារម្ភ និងភាពតានតឹងខួរក្បាល។
+សញ្ញាបញ្ជាក់ថារាងកាយរបស់អ្នកកំពុងខ្វះម៉ាញ៉េស្យូម
អស់កម្លាំងតាំងពីព្រលឹមទល់យប់ គ្មានកម្លាំងចិត្តធ្វើការងារ
ឧស្សាហ៍រមួលក្រពើ កន្ត្រាក់ត្របកភ្នែក ឬស្ពឹកស្រពន់ដៃជើង
គេងមិនលក់ ភ្ញាក់កណ្តាលយប់ញឹកញាប់ ឬគេងហើយនៅតែមិនស្រឡះក្បាល
ឆាប់ឆេវឆាវ ថប់បារម្ភ និងពិបាកផ្តោតអារម្មណ៍
+វិធីសាកថ្មឱ្យរាងកាយមានថាមពលឡើងវិញ
បង្កើនអាហារសម្បូរម៉ាញ៉េស្យូម៖ បន្ថែមបន្លែបៃតងចាស់ (ស្ពៃខ្មៅ), គ្រាប់ធញ្ញជាតិ (គ្រាប់ល្ពៅ, គ្រាប់អាល់ម៉ុន), ចេកទុំ, ផ្លែបឺរ, សណ្តែកខ្មៅ និងសូកូឡាខ្មៅ (Dark Chocolate) ទៅក្នុងរបបអាហារប្រចាំថ្ងៃ។
កាត់បន្ថយសារធាតុបឺតស្រូបជីវជាតិ៖ កាត់បន្ថយជាតិកាហ្វេអ៊ីនច្រើនជ្រុល ភេសជ្ជៈផ្អែម និងគ្រឿងស្រវឹង ព្រោះវាធ្វើឱ្យរាងកាយបាត់បង់ជាតិរ៉ែតាមរយៈទឹកនោមលឿន។
ផឹកទឹក និងធ្វើចលនាស្រាលៗ៖ ជួយឱ្យចរន្តឈាមនាំយកសារធាតុចិញ្ចឹមទៅចិញ្ចឹមកោសិកាបានពេញលេញ។