យោងតាមការចុះផ្សាយពីប្រភពបរទេស សណ្តែកជាអាហាររុក្ខជាតិដែលសម្បូរទៅដោយប្រូតេអ៊ីន ជាតិសរសៃ វីតាមីន និងសារធាតុរ៉ែជាច្រើន។ ប៉ុន្តែសណ្តែកមួយប្រភេទៗមានសារធាតុចិញ្ចឹមខុសគ្នា ដូច្នេះការញ៉ាំសណ្តែកចម្រុះអាចជួយឱ្យរាងកាយទទួលបានសារធាតុចិញ្ចឹមកាន់តែច្រើនប្រភេទ។
ជាឧទាហរណ៍ សណ្តែកបៃតងមានហ្វូឡាត ប៉ូតាស្យូម និងម៉ាញ៉េស្យូម ខណៈសណ្តែកក្រហម និងសណ្តែកខ្មៅសម្បូរជាតិសរសៃ។ ចំណែកសណ្តែកសៀងវិញ ជាប្រភពប្រូតេអ៊ីនពីរុក្ខជាតិដែលមានគុណភាពល្អ។
ការទទួលទានសណ្តែកជាប្រចាំ អាចជួយបន្ថែមប្រូតេអ៊ីនពីរុក្ខជាតិ ធ្វើឱ្យឆ្អែតបានយូរ និងគាំទ្រដល់ប្រព័ន្ធរំលាយអាហារ និងការបន្ទោបង់ ព្រមទាំងផ្តល់វីតាមីន និងសារធាតុរ៉ែដែលរាងកាយត្រូវការ។
ចំពោះទឹកសណ្តែកបៃតង វាអាចជាជម្រើសមួយសម្រាប់អ្នកដែលចង់បន្ថែមអាហារពីរុក្ខជាតិ ឬមិនអាចទទួលទានទឹកដោះគោបាន។ ប៉ុន្តែគួរជ្រើសរើសផលិតផលដែលមានជាតិស្ករទាប និងពិនិត្យស្លាកសារធាតុចិញ្ចឹមមុនទិញ។
ជាទូទៅ មិនចាំបាច់ផ្តោតលើសណ្តែកតែមួយប្រភេទឡើយ។ ការផ្លាស់ប្តូររវាងសណ្តែកបៃតង សណ្តែកក្រហម សណ្តែកខ្មៅ សណ្តែកសៀង និងសណ្តែកប្រភេទផ្សេងៗ អាចជួយឱ្យរបបអាហារមានភាពចម្រុះ និងទទួលបានសារធាតុចិញ្ចឹមកាន់តែទូលំទូលាយ។ ទោះជាយ៉ាងណា គួរទទួលទានក្នុងបរិមាណសមស្រប និងភ្ជាប់ជាមួយអាហារដែលមានតុល្យភាព៕