យោងតាមការចុះផ្សាយពីប្រភពបរទេស ស្ត្រីមួយចំនួនបារម្ភថា ការរួមភេទញឹកញាប់អាចធ្វើឱ្យទ្វារមាសធូរ បាត់ភាពយឺតយ៉ាវ និងកម្លាំងកន្ត្រាក់។ ប៉ុន្តែតាមការពន្យល់របស់អ្នកជំនាញ ទ្វារមាសជាសរីរាង្គដែលអាចពង្រីក និងត្រឡប់ទៅសភាពដើមវិញ ដូច្នេះ ការរួមភេទជាប្រចាំមិនមែនជាមូលហេតុធ្វើឱ្យទ្វារមាសធូរជាអចិន្ត្រៃយ៍នោះទេ។
មូលហេតុសំខាន់ៗដែលអាចធ្វើឱ្យតំបន់នេះមានអារម្មណ៍ថាបាត់ភាពរឹងមាំ រួមមាន៖
១. សាច់ដុំអាងត្រគាកខ្សោយក្រោយពេលសម្រាលកូន
ការសម្រាលកូនតាមធម្មជាតិអាចធ្វើឱ្យសាច់ដុំអាងត្រគាក និងជាលិកាជុំវិញត្រូវបានលាតសន្ធឹងខ្លាំង។ ប្រសិនបើការស្តារមិនបានល្អ អាចធ្វើឱ្យកម្លាំងកន្ត្រាក់ថយចុះ និងមានអារម្មណ៍ថាតំបន់សម្ងាត់ធូរជាងមុន។
២. ការថយចុះនៃអ័រម៉ូនអេស្ត្រូសែន
នៅពេលអ័រម៉ូនអេស្ត្រូសែនថយចុះ ជាពិសេសនៅវ័យមធ្យម និងដំណាក់កាលមុនអស់រដូវ ជាលិកាទ្វារមាសអាចស្តើង ស្ងួត និងបាត់ភាពយឺតយ៉ាវ។ កត្តានេះអាចធ្វើឱ្យអារម្មណ៍រឹងមាំ និងភាពងាយមានអារម្មណ៍ផ្លូវភេទថយចុះ។
៣. សាច់ដុំអាងត្រគាកខ្សោយដោយសាររបៀបរស់នៅ
ការមិនសូវហាត់ប្រាណ អង្គុយយូរ លើសទម្ងន់ ការទល់លាមករ៉ាំរ៉ៃ ឬការលើករបស់ធ្ងន់ជាប្រចាំ អាចបង្កើនសម្ពាធលើអាងត្រគាក និងធ្វើឱ្យសាច់ដុំតំបន់នេះខ្សោយតាមពេលវេលា។
ដូច្នេះ ចំនួនដងនៃការរួមភេទមិនមែនជាចំណុចសំខាន់ដែលកំណត់ភាពរឹងមាំរបស់ទ្វារមាសទេ។ ប្រសិនបើមានអារម្មណ៍ថាធូរខ្លាំង កម្លាំងកន្ត្រាក់ថយចុះ ឬមានរោគសញ្ញាដូចជា ទប់នោមមិនបាន ឬមានអារម្មណ៍ធ្ងន់នៅតំបន់អាងត្រគាក គួរពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីពិនិត្យសុខភាពសាច់ដុំអាងត្រគាកឱ្យបានត្រឹមត្រូវ។
ការយល់ដឹងអំពីមូលហេតុពិត នឹងជួយឱ្យស្ត្រីកាត់បន្ថយការព្រួយបារម្ភ និងមិនបន្ទោសការរួមភេទដោយគ្មានមូលដ្ឋានវិទ្យាសាស្ត្រ៕