យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនតែងឆ្ងល់ថា តើការហាត់ប្រាណពេលព្រឹក ឬពេលល្ងាច ផ្តល់លទ្ធផលល្អជាងគ្នា? តាមការណែនាំរបស់អ្នកបង្ហាត់ប្រាណ ពិតប្រាកដទៅ មិនមានពេលវេលាណាមួយដែលល្អបំផុតសម្រាប់មនុស្សគ្រប់គ្នានោះទេ។ អ្វីដែលសំខាន់ជាងគេ គឺជ្រើសរើសពេលដែលសមនឹងជីវិតប្រចាំថ្ងៃ និងអាចហាត់បានជាប្រចាំ។
ហាត់ប្រាណពេលព្រឹក ត្រូវកម្តៅសាច់ដុំជាមុន
ក្រោយភ្ញាក់ពីដំណេក រាងកាយទើបចាប់ផ្តើមធ្វើចលនា ដូច្នេះសាច់ដុំ និងសរសៃពួរមិនទាន់ត្រៀមខ្លួនសម្រាប់ការប្រើកម្លាំងខ្លាំងភ្លាមៗទេ។ គួរចំណាយពេលកម្តៅសាច់ដុំ និងធ្វើចលនាយឺតៗជាមុន ដើម្បីកាត់បន្ថយហានិភ័យរបួស។
ប្រសិនបើមិនទទួលទានអាហារមុនហាត់ប្រាណ គួរជៀសវាងការហាត់ខ្លាំងពេក ព្រោះមនុស្សមួយចំនួនអាចមានអាការៈវិលមុខ ឬសន្លប់។ អាចចាប់ផ្តើមពីការដើរលឿន លើកទម្ងន់ស្រាល ឬយូហ្គា រួចបង្កើនកម្រិតបន្តិចម្តងៗតាមសមត្ថភាពរាងកាយ។
ហាត់ប្រាណពេលល្ងាច រាងកាយអាចមានភាពរួចរាល់ជាង
នៅពេលល្ងាច រាងកាយបានធ្វើចលនាពេញមួយថ្ងៃ ដូច្នេះសាច់ដុំ និងប្រព័ន្ធផ្សេងៗអាចមានភាពត្រៀមខ្លួនជាងពេលទើបភ្ញាក់ពីដំណេក។ ប៉ុន្តែទោះជាយ៉ាងណា ក៏មិនគួររំលងការកម្តៅសាច់ដុំមុនហាត់ប្រាណដែរ។
ក្រោយហាត់ប្រាណ កុំទុកឱ្យខ្លួនឯងឃ្លានយូរ
ក្រោយប្រើថាមពលក្នុងពេលហាត់ប្រាណ រាងកាយត្រូវការសារធាតុចិញ្ចឹមសម្រាប់ស្តារថាមពល និងជួយស្តារសាច់ដុំ។ ដូច្នេះគួរទទួលទានអាហារដែលមានប្រយោជន៍ និងផឹកទឹកឱ្យបានគ្រប់គ្រាន់។ ការគេង និងសម្រាកឱ្យបានគ្រប់គ្រាន់ក៏សំខាន់ដែរ។
សរុបមក ការហាត់ប្រាណពេលព្រឹក និងពេលល្ងាច មិនមានភាពខុសគ្នាខ្លាំងរហូតត្រូវជ្រើសតែមួយនោះទេ។ ពេលវេលាដែលល្អបំផុត គឺពេលដែលសមនឹងកាលវិភាគរបស់អ្នក អាចធ្វើបានជាប្រចាំ និងមានអារម្មណ៍ល្អនៅពេលហាត់។ អ្វីដែលមិនគួរមើលរំលង គឺកម្តៅសាច់ដុំមុនហាត់ លាតសន្ធឹងសាច់ដុំក្រោយហាត់ ទទួលទានអាហារដែលមានប្រយោជន៍ និងសម្រាកឱ្យគ្រប់គ្រាន់៕