យោងតាមការចុះផ្សាយពីប្រភពបរទេស ក្រោយឆ្លងកាត់ជំងឺធ្ងន់ ការវះកាត់ធំ ឬការឆ្លងមេរោគធ្ងន់ រាងកាយអាចនៅតែខ្សោយ និងអស់កម្លាំង ខណៈសុខភាពផ្លូវចិត្តក៏អាចរងផលប៉ះពាល់ផងដែរ។ ការស្តារកម្លាំងឡើងវិញត្រូវការពេលវេលា និងការថែទាំជាបន្តបន្ទាប់។
១. ពិគ្រោះជាមួយគ្រូពេទ្យជាប្រចាំ
ត្រូវពិនិត្យសុខភាព និងសួរអ្នកជំនាញថា តើអាចធ្វើសកម្មភាព ឬហាត់ប្រាណកម្រិតណាបាន ដើម្បីជៀសវាងការប្រើកម្លាំងហួសកម្រិត។
២. ទទួលទានអាហារមានតុល្យភាព
ផ្តោតលើអាហារដែលមានប្រូតេអ៊ីន បន្លែ ផ្លែឈើ និងសារធាតុចិញ្ចឹមចាំបាច់ ព្រមទាំងផឹកទឹកឱ្យបានគ្រប់គ្រាន់។
៣. ចាប់ផ្តើមហាត់ប្រាណស្រាលៗ
នៅពេលសុខភាពអនុញ្ញាត អាចចាប់ផ្តើមពីការដើរ ឬលាតសន្ធឹងសាច់ដុំ ហើយបង្កើនកម្រិតបន្តិចម្តងៗតាមសមត្ថភាព។
៤. គេង និងសម្រាកឱ្យបានគ្រប់គ្រាន់
ការគេងល្អជួយឱ្យរាងកាយមានពេលស្តារខ្លួន និងស្តារថាមពលឡើងវិញ។
៥. ថែរក្សាសុខភាពផ្លូវចិត្ត
ការសម្រាក សមាធិ ហាត់ដកដង្ហើម ឬនិយាយជាមួយគ្រួសារ និងមនុស្សជិតស្និទ្ធ អាចជួយកាត់បន្ថយភាពតានតឹង និងបង្កើនកម្លាំងចិត្ត។
៦. រក្សាទំនាក់ទំនងសង្គម
ការជួបជុំគ្រួសារ មិត្តភក្តិ ឬធ្វើសកម្មភាពដែលខ្លួនចូលចិត្ត អាចជួយឱ្យអារម្មណ៍ប្រសើរឡើង និងជួយដល់ដំណើរការស្តារខ្លួន។
៧. ជៀសវាងបារី និងកាត់បន្ថយស្រា
គួរឈប់ជក់បារី និងកាត់បន្ថយការផឹកស្រា ព្រមទាំងកាត់បន្ថយអាហារកែច្នៃ និងអាហារខ្លាញ់ខ្ពស់។
៨. កំណត់គោលដៅតូចៗ
កុំបង្ខំខ្លួនឯងឱ្យត្រឡប់ទៅសកម្មភាពធម្មតាភ្លាមៗ។ ចាប់ផ្តើមពីគោលដៅតូចៗ ហើយបង្កើនបន្តិចម្តងៗតាមការរីកចម្រើនរបស់រាងកាយ។
៩. ស្តាប់សញ្ញារបស់រាងកាយ
ប្រសិនបើមានការឈឺចាប់ អស់កម្លាំងខ្លាំង ឬរោគសញ្ញាមិនប្រក្រតី មិនគួរបង្ខំខ្លួនឯងទេ ហើយគួរពិគ្រោះជាមួយអ្នកជំនាញសុខភាព។
សរុបមក ការស្តាររាងកាយក្រោយជំងឺធ្ងន់មិនអាចធ្វើបានក្នុងរយៈពេលខ្លីទេ។ ការថែទាំអាហារ ការគេង សកម្មភាពរាងកាយ សុខភាពផ្លូវចិត្ត និងការតាមដានជាមួយគ្រូពេទ្យ អាចជួយឱ្យរាងកាយវិលត្រឡប់មករឹងមាំវិញដោយសុវត្ថិភាព៕