យោងតាមការចុះផ្សាយពីប្រភពបរទេស រយៈពេល ១,០០០ថ្ងៃដំបូងនៃជីវិត ចាប់ពីពេលកូននៅក្នុងផ្ទៃរហូតដល់អាយុប្រហែល ២ឆ្នាំ គឺជាដំណាក់កាលសំខាន់សម្រាប់ការលូតលាស់ខួរក្បាល។ ក្នុងអំឡុងពេលនេះ ឪពុកម្តាយអាចជួយជំរុញការអភិវឌ្ឍខួរក្បាលកូនតាមរយៈទម្លាប់សាមញ្ញៗប្រចាំថ្ងៃ។
និយាយ និងទាក់ទងជាមួយកូនជាញឹកញាប់ ទោះបីកូនមិនទាន់ចេះនិយាយក៏ដោយ។ ឪពុកម្តាយអាចនិយាយប្រាប់កូនពីអ្វីដែលកំពុងធ្វើ ដូចជាពេលងូតទឹក ប្តូរខោអាវ ឬបំបៅដោះ។ ការស្តាប់សំឡេង និងការមើលមុខឪពុកម្តាយជួយជំរុញការរៀនភាសា និងការទំនាក់ទំនងរបស់កុមារ។
ឱប និងប៉ះពាល់កូនដោយទន់ភ្លន់ ដូចជា ការឱប កាន់ដៃ ឬម៉ាស្សាស្រាលៗ។ ការប៉ះពាល់ដោយភាពកក់ក្តៅអាចជួយឱ្យកូនមានអារម្មណ៍សុវត្ថិភាព និងបង្កើតទំនាក់ទំនងល្អជាមួយឪពុកម្តាយ។
នាំកូនចេញទៅស្គាល់បរិយាកាសជុំវិញ ដោយអាចដើរលេងនៅសួនច្បារ មើលដើមឈើ ស្តាប់សំឡេងធម្មជាតិ ឬស្គាល់វត្ថុថ្មីៗ។ ការទទួលបានបទពិសោធតាមរយៈការមើល ស្តាប់ ប៉ះ និងសង្កេត ជួយជំរុញការអភិវឌ្ឍអារម្មណ៍ និងការរៀនសូត្រ។
យកចិត្តទុកដាក់លើការគេង ព្រោះការគេងគ្រប់គ្រាន់មានសារៈសំខាន់ចំពោះការលូតលាស់ និងការអភិវឌ្ឍខួរក្បាល។ គួររៀបចំបរិយាកាសគេងឱ្យស្ងប់ស្ងាត់ និងមានទម្លាប់គេងទៀងទាត់តាមអាយុរបស់កូន។
ផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ និងសមស្របតាមវ័យ។ ទារកអាយុប្រហែល ៦ខែដំបូង អាចទទួលទានទឹកដោះម្តាយតែមួយមុខតាមការណែនាំរបស់ WHO ហើយនៅពេលចាប់ផ្តើមអាហារបន្ថែម គួរផ្តល់អាហារចម្រុះដែលមានប្រូតេអ៊ីន ជាតិដែក ស័ង្កសី ខ្លាញ់ល្អ និងសារធាតុចិញ្ចឹមចាំបាច់ផ្សេងៗ។
សរុបមក ការជួយកូនឱ្យអភិវឌ្ឍបានល្អ មិនមែនផ្តោតតែលើការបង្រៀនអក្សរ ឬលេខតាំងពីតូចនោះទេ។ ការនិយាយជាមួយកូន ការឱបអោប ការលេង និងយល់ដឹងពីពិភពជុំវិញ ការគេងគ្រប់គ្រាន់ និងអាហារូបត្ថម្ភល្អ គឺជាមូលដ្ឋានសំខាន់សម្រាប់ការលូតលាស់ទាំងខួរក្បាល រាងកាយ និងអារម្មណ៍របស់កុមារ៕