យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនធ្លាប់ជួបរឿងចម្លែកនេះ គឺពេលឡើងគ្រែតាំងចិត្តគេង បែរជាគេងមិនលក់ ប៉ុន្តែពេលអង្គុយលើសាឡុងមើលទូរទស្សន៍ បែរជាងងុយ និងលក់ដោយមិនដឹងខ្លួន។
មូលហេតុអាចមិនមែនដោយសារសាឡុងស្រួលជាងគ្រែទេ ប៉ុន្តែពាក់ព័ន្ធនឹង សម្ពាធក្នុងចិត្ត។ ពេលឡើងគ្រែ មនុស្សដែលមានបញ្ហាគេងមិនលក់អាចចាប់ផ្តើមគិតថា «យប់នេះខ្ញុំនឹងគេងបានទេ?» ឬបារម្ភថានឹងក្រោកមិនទាន់ពេល។ ការគិតច្រើននេះធ្វើឱ្យខួរក្បាលនៅតែភ្ញាក់ និងកាន់តែពិបាកគេង។
ផ្ទុយទៅវិញ សាឡុងជាកន្លែងដែលយើងទៅសម្រាក មើលទូរទស្សន៍ ឬអង្គុយលេង ដោយមិនមានអារម្មណ៍ថា «ត្រូវតែគេងឥឡូវនេះ»។ ពេលសម្ពាធថយចុះ រាងកាយ និងខួរក្បាលក៏អាចសម្រាកបានងាយ ហើយការងងុយកើតឡើងដោយធម្មជាតិ។
អ្នកជំនាញណែនាំថា ប្រសិនបើឡើងគ្រែហើយមិនងងុយ គួរកុំបង្ខំខ្លួនឯងឱ្យគេង។ អាចក្រោកទៅធ្វើសកម្មភាពស្ងប់ៗ ដូចជា អានសៀវភៅ ឬស្តាប់តន្ត្រីស្រាលៗ ហើយត្រឡប់មកគ្រែនៅពេលចាប់ផ្តើមងងុយ។ គួរប្រើគ្រែសម្រាប់គេងជាចម្បង ដើម្បីឱ្យខួរក្បាលរៀនថា «គ្រែ = កន្លែងសម្រាប់គេង»។
សរុបមក ការដេកលើសាឡុងងាយលក់ជាងគ្រែសម្រាប់មនុស្សខ្លះ មិនមែនមានន័យថាសាឡុងល្អជាងគ្រែទេ ប៉ុន្តែដោយសារវាមិនបង្កសម្ពាធឱ្យយើង «ត្រូវតែគេង»។ ការបន្ថយភាពបារម្ភ និងបង្កើតទម្លាប់គេងល្អ អាចជួយឱ្យគេងបានស្រួលជាងមុន៕