អាហារពេលល្ងាចជាកត្តាកំណត់យ៉ាងសំខាន់ចំពោះទម្ងន់ និងសុខភាពរាងកាយ ។ មនុស្សជាច្រើនយល់ច្រឡំថា ការបង្អត់បាយល្ងាច ជួយឱ្យស្រកគីឡូបានលឿន ប៉ុន្តែវិធីនេះអាចនាំឱ្យខូចសុខភាព ធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការមិនប្រក្រតី និងងាយប្រឈមនឹងការញ៉ាំច្រើនលើសលប់នៅថ្ងៃបន្ទាប់ ។ ការជ្រើសរើសប្រភេទអាហារត្រឹមត្រូវ និងទម្លាប់ញ៉ាំសមស្របជាគន្លឹះដោះស្រាយបញ្ហានេះបានយ៉ាងមានប្រសិទ្ធភាព។
១. កាត់បន្ថយជាតិកាបូអ៊ីដ្រាត និងស្ករ
-កម្រិតការញ៉ាំបាយស នំប៉័ង មី ឬភេសជ្ជៈផ្អែមៗនៅពេលល្ងាច ព្រោះពេលយប់រាងកាយមិនសូវមានសកម្មភាពដុតបំផ្លាញថាមពលឡើយ ដែលងាយបំប្លែងទៅជាជាតិខ្លាញ់កកកុញ។
-ជំនួសមកវិញនូវកាបូអ៊ីដ្រាតស្មុគស្មាញក្នុងបរិមាណតិចតួច ដូចជា បាយអង្ករសម្រូប ឬដំឡូងជ្វាស្ងោរ។
២. បង្កើនជាតិប្រូតេអ៊ីនគ្មានខ្លាញ់
ជ្រើសរើសសាច់ទ្រូងមាន់ ត្រី ស៊ុតស្ងោរ ឬតៅហ៊ូ ដើម្បីជួយឱ្យឆ្អែតបានយូរ កាត់បន្ថយចំណង់ញ៉ាំអាហារផ្ដេសផ្ដាសពេលយប់ និងជួយជួសជុលសាច់ដុំ។
៣. បរិភោគបន្លែសម្បូរជាតិសរសៃ (Fiber) ឱ្យបានច្រើន
-បន្លែបៃតងដូចជា ផ្កាខាត់ណា ខាត់ណាខៀវ ត្រសក់ ឬសាឡាត់ ផ្ទុកកាឡូរីទាបខ្លាំង ប៉ុន្តែសម្បូរជាតិសរសៃ និងទឹក ជួយសម្រួលដល់ការបន្ទោរបង់ និងរក្សាទម្ងន់ឱ្យនៅថេរ។
៤. កំណត់ពេលវេលាញ៉ាំឱ្យបានច្បាស់លាស់
គួរញ៉ាំអាហារពេលល្ងាចឱ្យបានមុនម៉ោង ៧:០០ យប់ ឬយ៉ាងហោចណាស់ ២ ទៅ ៣ ម៉ោងមុនពេលចូលគេង ដើម្បីទុកពេលឱ្យប្រព័ន្ធរំលាយអាហារធ្វើការបានពេញលេញ ជៀសវាងបញ្ហាភើជូរ ឬចាល់ជាតិអាស៊ីត។
ការរក្សាតុល្យភាពបរិមាណអាហារ (Portion Control) រួមជាមួយការផឹកទឹកឱ្យបានគ្រប់គ្រាន់ និងការគេងលក់ឱ្យបានស្កប់ស្កល់ ៧-៨ ម៉ោងក្នុងមួយយប់ នឹងជួយឱ្យអ្នកស្រកទម្ងន់ប្រកបដោយសុវត្ថិភាព និងទទួលបានរាងស្អាតវែងឆ្ងាយ។