យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាថ្មីមួយពីអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Essex ចក្រភពអង់គ្លេស បានបង្ហាញថា គន្លឹះមួយដែលអាចជួយឱ្យស្ត្រីទទួលបានបទពិសោធផ្លូវភេទ និងភាពពេញចិត្តកាន់តែប្រសើរ គឺ ការយល់ដឹង និងការស្តាប់សញ្ញាពីរាងកាយរបស់ខ្លួនឯង។
ការស្រាវជ្រាវដែលសិក្សាលើស្ត្រីចំនួន ៣៦០នាក់ បានរកឃើញថា ស្ត្រីដែលមានសមត្ថភាពដឹង និងបកស្រាយអារម្មណ៍នៅក្នុងរាងកាយខ្លួនឯងបានល្អ មានទំនោរទទួលបានភាពពេញចិត្តជាញឹកញាប់ជាង។
គន្លឹះសំខាន់ គឺ “ស្តាប់រាងកាយ”
អ្នកស្រាវជ្រាវពន្យល់ថា ការយល់ដឹងពីសញ្ញាផ្ទៃក្នុងរបស់រាងកាយ អាចរួមមានការសម្គាល់ចង្វាក់បេះដូង ការដកដង្ហើម ភាពតានតឹងរបស់សាច់ដុំ ការផ្លាស់ប្តូរសីតុណ្ហភាព និងប្រតិកម្មផ្សេងៗរបស់រាងកាយ។
នៅពេលស្ត្រីផ្តោតលើអារម្មណ៍ដែលកំពុងកើតឡើងក្នុងរាងកាយ ជំនួសឱ្យការគិតច្រើន ការព្រួយបារម្ភ ឬសម្ពាធពីខាងក្រៅ វាអាចជួយឱ្យបទពិសោធកាន់តែប្រសើរ និងបង្កើនអារម្មណ៍ពេញចិត្ត។
ការស្គាល់រាងកាយខ្លួនឯងក៏សំខាន់
ការសិក្សាបានរកឃើញថា ស្ត្រីដែលយល់ដឹងពីរាងកាយខ្លួនឯង មានទំនោរឈានដល់ចំណុចកំពូលបានច្រើនជាងពេលនៅជាមួយដៃគូប្រហែល ២០%។ ជាមួយគ្នានេះ កម្រិតនៃការយល់ដឹងពីអារម្មណ៍ក្នុងរាងកាយ ក៏មានទំនាក់ទំនងជាមួយកម្រិតភាពពេញចិត្តក្រោយបទពិសោធន៍ផងដែរ។
អ្នកជំនាញយល់ថា នេះបង្ហាញពីសារៈសំខាន់នៃការស្គាល់ និងទុកចិត្តលើសញ្ញារបស់រាងកាយខ្លួនឯង មិនមែនផ្តោតតែលើបញ្ហាឬសម្ពាធថាតើត្រូវឈានដល់ចំណុចកំពូលឱ្យបានលឿននោះទេ។
ការប្រាស្រ័យទាក់ទងជាមួយដៃគូក៏មានតួនាទី
ការយល់ច្បាស់ពីអារម្មណ៍ និងតម្រូវការរបស់ខ្លួន អាចជួយឱ្យស្ត្រីប្រាស្រ័យទាក់ទងជាមួយដៃគូបានកាន់តែច្បាស់។ ការបើកចំហ គោរពអារម្មណ៍គ្នាទៅវិញទៅមក និងមិនដាក់សម្ពាធលើគ្នា អាចជួយបង្កើនគុណភាពជីវិតគូ។
អ្នកស្រាវជ្រាវសង្កត់ធ្ងន់ថា ការយល់ដឹងពីភាពពេញចិត្តរបស់ស្ត្រី មិនគួរផ្តោតតែលើការដោះស្រាយបញ្ហាផ្លូវភេទនោះទេ ប៉ុន្តែគួរផ្តោតលើ ការស្គាល់រាងកាយ ការមានទំនុកចិត្ត និងការយល់ពីអារម្មណ៍របស់ខ្លួនឯង។
សរុបមក “តិចនិក” សំខាន់ដែលការសិក្សានេះបង្ហាញ មិនមែនជាវិធីសាស្ត្រអាថ៌កំបាំងណាមួយទេ ប៉ុន្តែជាការរៀនស្តាប់រាងកាយ យល់ពីអារម្មណ៍របស់ខ្លួន និងប្រាស្រ័យទាក់ទងដោយបើកចំហជាមួយដៃគូ៕