យោងតាមការចុះផ្សាយពីប្រភពបរទេស ការផឹកទឹកគ្រប់គ្រាន់ជួយឱ្យរាងកាយដំណើរការបានល្អ ប៉ុន្តែការផឹកទឹកច្រើនភ្លាមៗមុនចូលគេង ជាពិសេស ២–៣កែវជាប់គ្នា មិនមែនជាវិធីល្អបំផុតសម្រាប់បំពេញជាតិទឹកនោះទេ។ ទម្លាប់នេះអាចបង្កឱ្យមានការផ្លាស់ប្តូរមួយចំនួនចំពោះរាងកាយ។
អាចភ្ញាក់កណ្តាលយប់ទៅបន្ទប់ទឹកញឹកញាប់
ពេលផឹកទឹកច្រើនមុនគេង តម្រងនោមនៅតែបន្តចម្រោះ និងបញ្ចេញទឹកតាមទឹកនោម។ ដូច្នេះ អ្នកអាចត្រូវភ្ញាក់ពីដំណេកទៅបន្ទប់ទឹក ជាពិសេសប្រសិនបើផឹកទឹកក្នុងបរិមាណច្រើនក្នុងពេលខ្លី។
អាចធ្វើឱ្យដំណេកមិនស្កប់ស្កល់
ការភ្ញាក់ច្រើនដងដើម្បីបត់ជើងតូច អាចរំខានដំណេក និងធ្វើឱ្យព្រឹកឡើងមានអារម្មណ៍ងងុយគេង អស់កម្លាំង ឬមិនស្រស់ស្រាយ។
មុខ ឬត្របកភ្នែកអាចហើមបន្តិចនៅពេលព្រឹក
អ្នកខ្លះអាចសង្កេតឃើញត្របកភ្នែក ឬមុខហើមបន្តិច បន្ទាប់ពីផឹកទឹកច្រើននៅពេលយប់ ជាពិសេសប្រសិនបើបានញ៉ាំអាហារប្រៃច្រើនផងដែរ។ ទោះជាយ៉ាងណា ការហើមជាប់រហូតមិនគួរសន្និដ្ឋានថាបណ្តាលមកពីការផឹកទឹកតែមួយមុខឡើយ។
ផឹកទឹកច្រើន ក៏នៅតែអាចស្ងួតមាត់នៅពេលព្រឹក
មាត់ស្ងួតមិនមែនមានន័យថារាងកាយខ្វះទឹកជានិច្ចទេ។ ការដកដង្ហើមតាមមាត់ ច្រមុះតឹង ខ្យល់ស្ងួត ថ្នាំមួយចំនួន ឬបញ្ហាដំណេក ក៏អាចជាមូលហេតុបានដែរ។
តើគួរផឹកទឹកមុនចូលគេងឬទេ?
ប្រសិនបើស្រេកទឹក អាចផឹកទឹកបាន ប៉ុន្តែមិនចាំបាច់បង្ខំខ្លួនឯងឱ្យផឹក ២–៣កែវក្នុងពេលតែមួយទេ។ វិធីល្អជាង គឺផឹកទឹកឱ្យបានសមស្រប និងចែកចាយពេញមួយថ្ងៃ ជំនួសឱ្យទុករហូតដល់យប់ហើយផឹកច្រើនក្នុងពេលខ្លី។
អ្នកដែលភ្ញាក់បត់ជើងតូចញឹកញាប់ ២–៣ដងក្នុងមួយយប់ ឬមានរោគសញ្ញាដូចជា ស្រមុកខ្លាំង ភ្ញាក់ដង្ហក់ ហើមជើង ឬហើមមុខជាប់រហូត គួរពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីស្វែងរកមូលហេតុ។
សរុបមក ផឹកទឹកឱ្យគ្រប់គ្រាន់ជារឿងល្អ ប៉ុន្តែមិនចាំបាច់ផឹកច្រើនមុនចូលគេងទេ។ គន្លឹះគឺ “ផឹកឱ្យគ្រប់” មិនមែន “ផឹកឱ្យច្រើន” នោះឡើយ៕