យោងតាមការចុះផ្សាយពីប្រភពបរទេស ការកាត់បន្ថយខ្លាញ់ក្បាលពោះ មិនមែនមានន័យថាត្រូវអត់អាហារខ្លាំងៗនោះទេ។ អ្នកជំនាញអាហារូបត្ថម្ភជនជាតិអាម៉េរិកណែនាំឱ្យផ្តោតលើអាហារដែលមានប្រូតេអ៊ីន ជាតិសរសៃ និងខ្លាញ់ល្អ ដែលអាចជួយឱ្យឆ្អែតបានយូរ និងគ្រប់គ្រងការញ៉ាំបានល្អ។
ផ្លែបឺរ មានខ្លាញ់មិនឆ្អែតល្អ និងជាតិសរសៃ អាចជួយឱ្យឆ្អែតបានយូរ និងជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។
ស៊ុត សម្បូរប្រូតេអ៊ីន និងអាចជួយបង្កើនអារម្មណ៍ឆ្អែត ដូច្នេះអាចកាត់បន្ថយការញ៉ាំអាហារលើសតម្រូវការ។ គួរជ្រើសរើសវិធីចម្អិនដែលប្រើប្រេងតិច ដូចជា ស្ងោរ ឬចំហុយ។
ផ្លែប៊ឺរី ដូចជា ប្ល៊ូបឺរី និងស្ត្របឺរី មានជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយជាទូទៅមានកាឡូរីមិនខ្ពស់។
ប្រេងអូលីវ មានខ្លាញ់ល្អ ដែលអាចជួយគ្រប់គ្រងចំណង់អាហារ ប៉ុន្តែគួរប្រើក្នុងបរិមាណសមរម្យ ព្រោះវានៅតែមានកាឡូរីខ្ពស់។
គ្រាប់ធញ្ញជាតិ ដូចជា អាល់ម៉ុន វ៉ាល់ណាត់ និងគ្រាប់ភីស្តាឈីយ៉ូ មានប្រូតេអ៊ីន ជាតិសរសៃ និងខ្លាញ់ល្អ។ ការញ៉ាំបន្តិចបន្តួចអាចជួយឱ្យឆ្អែតបានយូរ។
សណ្តែក ជាពិសេសសណ្តែកលេនទីល មានជាតិសរសៃ និងប្រូតេអ៊ីនខ្ពស់ អាចជួយដល់ការរំលាយអាហារ និងធ្វើឱ្យមានអារម្មណ៍ឆ្អែតបានយូរ។
បន្លែស្លឹកបៃតង ដូចជា ស្ពៃខ្មៅ ខាត់ណា និងប្រូខូលី មានកាឡូរីទាប ប៉ុន្តែសម្បូរជាតិសរសៃ និងសារធាតុចិញ្ចឹម ដែលអាចជួយក្នុងការគ្រប់គ្រងទម្ងន់។
ទោះជាយ៉ាងណា មិនមានអាហារមួយមុខណាអាចដុតខ្លាញ់ក្បាលពោះបានដោយខ្លួនឯងឡើយ។ ការគ្រប់គ្រងទម្ងន់គួររួមបញ្ចូលការញ៉ាំអាហារមានតុល្យភាព ផឹកទឹកគ្រប់គ្រាន់ ហាត់ប្រាណទៀងទាត់ និងគេងឱ្យបានគ្រប់គ្រាន់ ដើម្បីទទួលបានលទ្ធផលល្អ៕