យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនយល់ថា បន្លែសុទ្ធតែល្អសម្រាប់សុខភាព ប៉ុន្តែអ្នកជំនាញព្រមានថា របៀបជ្រើសរើស និងចម្អិនបន្លែ ក៏សំខាន់ដែរ។ បន្លែខ្លះ ប្រសិនបើញ៉ាំច្រើន ឬរៀបចំមិនត្រឹមត្រូវ អាចបង្កើនការទទួលជាតិអំបិល ខ្លាញ់ ឬសារធាតុមិនល្អ ដែលអាចប៉ះពាល់ដល់សម្ពាធឈាម និងសរសៃឈាម។
១. បន្លែជ្រក់ ឬបន្លែត្រាំ
បន្លែជ្រក់ និងបន្លែត្រាំដូចជាជ្រក់ស្ពៃ ជ្រក់តាសក់ ជ្រក់ឆៃថាវជាដើមអាចមានជាតិសូដ្យូមខ្ពស់។ ការទទួលសូដ្យូមច្រើនពេកអាចធ្វើឱ្យសម្ពាធឈាមកើនឡើង ដែលជាកត្តាហានិភ័យសំខាន់មួយចំពោះជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ដូច្នេះ គួរញ៉ាំក្នុងបរិមាណតិច និងមិនគួរញ៉ាំជាប្រចាំក្នុងបរិមាណច្រើន។
២. បន្លែដែលចៀន ឬចម្អិនជាមួយប្រេងឬខ្លាញ់ច្រើន
បន្លែដែលស្រូបប្រេងច្រើន ជាពិសេសបន្លែបំពង ឬចៀន អាចធ្វើឱ្យអាហារមានកាឡូរី និងខ្លាញ់ខ្ពស់។ ប្រសិនបើញ៉ាំជាញឹកញាប់ អាចរួមចំណែកធ្វើឱ្យជាតិខ្លាញ់ក្នុងឈាមមិនល្អកើនឡើង និងបង្កើនហានិភ័យនៃការកកស្ទះសរសៃឈាម។ គួរផ្តល់អាទិភាពដល់ការស្ងោរ ចំហុយ ឬឆាដោយប្រើប្រេងតិច។
៣. បន្លែដែលដុះផ្សិត រលួយ ឬខូច
មិនគួរយកតែផ្នែកដែលខូចចេញ ហើយយកផ្នែកដែលនៅសល់មកបរិភោគឡើយ ព្រោះផ្សិត ឬមេរោគអាចរីករាលដាលទៅផ្នែកផ្សេងទៀតដែលមើលមិនឃើញ។ អាហារដែលខូចអាចបង្កបញ្ហាដល់ប្រព័ន្ធរំលាយអាហារ និងមិនមានសុវត្ថិភាពសម្រាប់ការបរិភោគ។
សរុបមក បន្លែមិនមែនជាអាហារដែលគួរជៀសវាងទាំងស្រុងទេ។ អ្វីដែលសំខាន់គឺជ្រើសរើសបន្លែស្រស់ និងចម្អិនដោយប្រើអំបិល និងប្រេងក្នុងកម្រិតសមរម្យ។ ការរក្សាសម្ពាធឈាម ជាតិខ្លាញ់ក្នុងឈាម និងរបបអាហារឱ្យបានល្អ គឺជាផ្នែកសំខាន់ក្នុងការការពារសុខភាពបេះដូង និងសរសៃឈាម។
ប្រសិនបើមានរោគសញ្ញាដូចជា មុខវៀច ដៃឬជើងខ្សោយភ្លាមៗ និយាយមិនច្បាស់ មើលមិនច្បាស់ វិលមុខខ្លាំង ឬឈឺក្បាលខ្លាំងភ្លាមៗ គួរស្វែងរកការព្យាបាលបន្ទាន់ ព្រោះអាចជាសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល៕