ការប្រមូលផ្តុំនៃជាតិខ្លាញ់អាក្រក់ (LDL) នៅក្នុងសរសៃឈាម អាចបង្កជាកំណកកំបោរ និងធ្វើឱ្យស្ទះសរសៃឈាម ដែលជាហានិភ័យចម្បងនៃជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ការបន្ថែមអាហារខាងក្រោមទៅក្នុងរបបអាហារប្រចាំថ្ងៃ ជួយសម្អាត និងបង្កើនភាពបត់បែននៃសរសៃឈាមយ៉ាងមានប្រសិទ្ធភាព៖
១. ខ្ទឹមស
អត្ថប្រយោជន៍ចំពោះបេះដូង៖ សារធាតុសកម្ម Allicin ក្នុងខ្ទឹមសជួយទប់ស្កាត់ការកកស្ទះក្នុងសរសៃឈាម កាត់បន្ថយការឡើងរឹងនៃជញ្ជាំងសរសៃឈាម និងជួយបញ្ចុះកម្រិតកូឡេស្តេរ៉ុលអាក្រក់ (LDL) ព្រមទាំងសម្ពាធឈាម។
វិធីទទួលទាន៖ បរិភោគខ្ទឹមសស្រស់ ១ ទៅ ២ កំពឹសជារៀងរាល់ថ្ងៃ ដោយចិញ្ច្រាំឱ្យម៉ត់ទុកចោលប្រហែល ១០ នាទីមុនញ៉ាំ ដើម្បីឱ្យសារធាតុ Allicin បញ្ចេញសកម្មភាពពេញលេញ។
២. ត្រីសំបូរអាស៊ីតខ្លាញ់អូមេហ្គា-៣
អត្ថប្រយោជន៍ចំពោះបេះដូង៖ ត្រីសាល់ម៉ុន (Salmon) ត្រីធូណា ឬត្រីសាឌីន សម្បូរទៅដោយ Omega-3 Fatty Acids ដែលជួយបង្កើនកម្រិតខ្លាញ់ល្អ (HDL) កាត់បន្ថយជាតិខ្លាញ់ទ្រីគ្លីសេរីដ (Triglycerides) និងទប់ស្កាត់ការរលាកក្នុងសរសៃឈាម។
វិធីទទួលទាន៖ ទទួលទានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍ ដោយចម្អិនតាមវិធីចំហុយ អាំង ឬស្ល។
៣. ផ្លែប៊័រ
អត្ថប្រយោជន៍ចំពោះបេះដូង៖ ផ្លែប៊័រផ្ទុកជាតិខ្លាញ់មិនឆ្អែតទោល (Monounsaturated Fats) និងប៉ូតាស្យូមខ្ពស់ ដែលជួយកម្ចាត់ខ្លាញ់កខ្វក់ចេញពីចរន្តឈាម គ្រប់គ្រងសម្ពាធឈាម និងជួយឱ្យសរសៃឈាមដំណើរការបានរលូន។
វិធីទទួលទាន៖ ញ៉ាំកន្លះផ្លែក្នុងមួយថ្ងៃ ជំនួសឱ្យការប្រើប័រធម្មតា ឬប្រេងឆាដែលមានជាតិខ្លាញ់មិនល្អ។
៤. ស្រូវអូត
អត្ថប្រយោជន៍ចំពោះបេះដូង ៖ សម្បូរទៅដោយជាតិសរសៃរលាយ Beta-glucan ដែលដើរតួដូចជាអេប៉ុងស្រូបយកជាតិខ្លាញ់កូឡេស្តេរ៉ុលអាក្រក់ក្នុងប្រព័ន្ធរំលាយអាហារ ហើយបញ្ចេញមកក្រៅវិញ មុនពេលវាជ្រាបចូលទៅក្នុងសរសៃឈាម។
វិធីទទួលទាន៖ ទទួលទានជាអាហារពេលព្រឹកជាប្រចាំ ដោយលាយជាមួយគ្រាប់ធញ្ញជាតិ ឬផ្លែឈើស្រស់។
៥. គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើស្ងួត
អត្ថប្រយោជន៍ចំពោះបេះដូង៖ គ្រាប់វាល់ណាត់ (Walnuts) គ្រាប់អាល់ម៉ុន (Almonds) និងគ្រាប់ជី (Chia Seeds) សម្បូរដោយជាតិកាកសរសៃ វីតាមីន E និងសារធាតុ L-arginine ដែលជួយផលិតនីទ្រីកអុកស៊ីត (Nitric Oxide) ជួយពង្រីក និងសម្រួលសរសៃឈាមមិនឱ្យកកស្ទះ។
វិធីទទួលទាន៖ ញ៉ាំមួយក្តាប់ដៃតូច (ប្រហែល ៣០ ក្រាម) ក្នុងមួយថ្ងៃជាអាហារសម្រន់សុខភាព។
ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ គួរកាត់បន្ថយអាហារដែលមានជាតិខ្លាញ់ឆ្អែតខ្ពស់ (សាច់ជាប់ខ្លាញ់ អាហារបំពង) ហាត់ប្រាណបែប Cardo (ដូចជាការដើរលឿន ឬរត់) យ៉ាងហោចណាស់ ១៥០ នាទីក្នុងមួយសប្តាហ៍ និងជៀសវាងការជក់បារី។