យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សមួយចំនួនជឿថា បុរសដែលមិនពាក់ខោទ្រនាប់ ឬពាក់តែខោ Boxer អាចប្រឈមនឹង ជំងឺក្លន។ ប៉ុន្តែតាមព័ត៌មានពីប្រភពសុខភាព វាមិនមែនជាមូលហេតុដែលបណ្តាលឱ្យកើតក្លនឡើយ។
ក្លនកើតឡើងដោយសារអ្វី?
ក្លនអាចកើតឡើងនៅពេលសម្ពាធក្នុងពោះកើនឡើង ខណៈជញ្ជាំងសាច់ដុំ ឬជាលិកាទ្រទ្រង់ក្នុងពោះមានភាពខ្សោយ ធ្វើឱ្យផ្នែកមួយនៃពោះវៀនរុញចេញទៅតំបន់ក្រលៀន ឬថង់ពងស្វាស។ កត្តាដែលអាចបង្កើនហានិភ័យមានដូចជា លើករបស់ធ្ងន់ ក្អករ៉ាំរ៉ៃ ទល់លាមក ឬបត់ជើងតូចពិបាក និងស្ថានភាពដែលធ្វើឱ្យសម្ពាធក្នុងពោះកើនឡើង។
ចុះមិនពាក់ខោទ្រនាប់វិញ?
ការពាក់ ឬមិនពាក់ខោទ្រនាប់ មិនមានឥទ្ធិពលផ្ទាល់លើភាពរឹងមាំនៃជញ្ជាំងពោះ ទេ។ ដូច្នេះ ការមិនពាក់ខោទ្រនាប់មិនមែនជាមូលហេតុធ្វើឱ្យកើតក្លនឡើយ។
ប្រសិនបើមានដុំប៉ោងនៅតំបន់ក្រលៀន ឈឺ ឬដុំប៉ោងកាន់តែធំនៅពេលក្អក ឬលើករបស់ធ្ងន់ គួរទៅពិនិត្យជាមួយគ្រូពេទ្យ។ ក្លនដែលមានរោគសញ្ញាអាចត្រូវការការព្យាបាល ដើម្បីបង្ការផលវិបាកដូចជា ការស្ទះពោះវៀន។
សរុបមក “មិនពាក់ខោទ្រនាប់ធ្វើឱ្យកើតក្លន” គឺជាជំនឿខុស។ ការជ្រើសរើសពាក់ខោទ្រនាប់ ឬមិនពាក់ គឺជាចំណូលចិត្តផ្ទាល់ខ្លួន ប៉ុន្តែការរក្សាអនាម័យ និងការជ្រើសរើសសម្លៀកបំពាក់ដែលសមរម្យ គឺសំខាន់ជាង៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕