យោងតាមការចុះផ្សាយពីប្រភពបរទេស ផឹកទឹកគ្រប់គ្រាន់ល្អសម្រាប់សុខភាព ប៉ុន្តែការផឹកទឹកច្រើនក្នុងរយៈពេលខ្លីពេក អាចធ្វើឱ្យកម្រិត សូដ្យូមក្នុងឈាមធ្លាក់ចុះ ដែលជាស្ថានភាពអាចគ្រោះថ្នាក់ដល់ជីវិត។
ស្ត្រីវ័យ ៣៣ឆ្នាំម្នាក់នៅប្រទេសចិន ត្រូវបានរាយការណ៍ថា បានផឹកទឹកប្រហែល ៣,០០០មិល្លីលីត្រ ក្នុងរយៈពេលត្រឹម ២ម៉ោង។ បន្ទាប់មក នាងមានអាការៈចង្អោរ ក្អួត រមួលសាច់ដុំ និងបាត់ស្មារតី។ គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យថា មាន សូដ្យូមក្នុងឈាមទាបខ្លាំង និងហើមខួរក្បាល។
មូលហេតុគឺការផឹកទឹកច្រើនពេកក្នុងពេលខ្លី អាចធ្វើឱ្យសូដ្យូមក្នុងឈាមត្រូវបានរំលាយខ្លាំង។ ក្នុងករណីធ្ងន់ ទឹកអាចចូលទៅក្នុងកោសិកាខួរក្បាល បណ្តាលឱ្យហើមខួរក្បាល ច្រឡំ ប្រកាច់ ឬសន្លប់។
ជាពិសេសនៅពេលអាកាសធាតុក្តៅ ឬហាត់ប្រាណបែកញើសខ្លាំង គួរផឹកទឹក បន្តិចម្តងៗ និងជាប្រចាំ មិនគួរផឹកច្រើនក្នុងពេលតែមួយឡើយ។ ប្រសិនបើបែកញើសខ្លាំង អាចត្រូវការបំពេញជាតិអេឡិចត្រូលីតផងដែរ។
បើមានអាការៈដូចជា ឈឺក្បាល ចង្អោរ រមួលសាច់ដុំ ងងុយខ្លាំង និយាយមិនច្បាស់ ឬស្មារតីប្រែប្រួល បន្ទាប់ពីផឹកទឹកច្រើន គួរឈប់សកម្មភាព និងស្វែងរកជំនួយវេជ្ជសាស្ត្រឱ្យបានឆាប់៕