យោងតាមការចុះផ្សាយពីប្រភពបរទេស បញ្ហាទល់លាមកមិនមែនបណ្តាលមកពីការផឹកទឹកតិចតែប៉ុណ្ណោះទេ ប៉ុន្តែអាចពាក់ព័ន្ធនឹងការទទួលទានជាតិសរសៃមិនគ្រប់គ្រាន់ ការញ៉ាំបន្លែផ្លែឈើតិច និងការមិនសូវធ្វើចលនា។
ផ្លែឈើមួយចំនួនមានជាតិសរសៃ ទឹក និងសារធាតុចិញ្ចឹមដែលអាចជួយឱ្យលាមកទន់ និងជួយឱ្យពោះវៀនធ្វើការបានល្អប្រសើរ។
ផ្លែឈើ ៨មុខដែលអាចជួយបន្ទោបង់
១. ល្ហុងទុំ សម្បូរទឹក និងជាតិសរសៃ អាចជួយសម្រួលការរំលាយអាហារ និងការបន្ទោបង់។
២. ផ្លែព្រូនក្រៀម មានទាំងជាតិសរសៃ និងសារធាតុ Sorbitol ដែលអាចជួយទាញទឹកចូលក្នុងពោះវៀន ធ្វើឱ្យលាមកទន់ និងងាយបន្ទោបង់។
៣. ផ្លែស្រកានាគ មានទឹក និងជាតិសរសៃខ្ពស់ ហើយគ្រាប់តូចៗរបស់វាក៏អាចបន្ថែមជាតិសរសៃក្នុងរបបអាហារ។
៤. ត្របែក សម្បូរជាតិសរសៃ និងវីតាមីន C។ ប្រសិនបើអាចញ៉ាំសំបកបាន គួរលាងឱ្យស្អាតជាមុន។
៥. ក្រូច មានទឹក និងជាតិសរសៃ។ សរសៃពណ៌សជុំវិញសាច់ក្រូចក៏មានជាតិសរសៃ ដូច្នេះមិនគួរបកចោលទាំងអស់ទេ។
៦. ផ្លែប៉ោម ជាពិសេសពេលញ៉ាំទាំងសំបក មានជាតិសរសៃ Pectin ដែលអាចជួយគាំទ្របាក់តេរីល្អក្នុងពោះវៀន។
៧. គីវី មានជាតិសរសៃ និងសារធាតុចិញ្ចឹមជាច្រើន ហើយការសិក្សាមួយចំនួនបានរកឃើញថា ការញ៉ាំគីវីជាប្រចាំអាចជួយបង្កើនភាពញឹកញាប់នៃការបន្ទោបង់។
៨. ផ្លែសារី មានទឹក ជាតិសរសៃ និង Sorbitol តាមធម្មជាតិ ដែលអាចជួយសម្រួលការបន្ទោបង់។
ក្រៅពីជ្រើសរើសផ្លែឈើដែលមានជាតិសរសៃ គួរផឹកទឹកឱ្យគ្រប់គ្រាន់ ញ៉ាំផ្លែឈើជាផ្លែទាំងមូលជំនួសទឹកផ្លែឈើ ធ្វើចលនារាងកាយជាប្រចាំ និងកុំទប់ការបន្ទោបង់។
ចំណាំ៖ ប្រសិនបើទល់លាមកជាប់លាប់លើសពី ២–៣ សប្តាហ៍ ឬមានឈាមក្នុងលាមក ស្រកទម្ងន់ដោយមិនដឹងមូលហេតុ ឬឈឺពោះខ្លាំង គួរទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកមូលហេតុឱ្យបានច្បាស់៕