យោងតាមការចុះផ្សាយពីប្រភពបរទេស វេជ្ជបណ្ឌិតព្រមានថា មនុស្សវ័យក្មេងក៏អាចប្រឈមនឹងការដាច់សរសៃឈាមខួរក្បាល ការឈប់បេះដូង ឬស្លាប់ភ្លាមៗបានដែរ ទោះបីមុនពេលកើតហេតុពួកគេមានអារម្មណ៍ថាខ្លួនមានសុខភាពល្អក៏ដោយ។ មូលហេតុអាចបណ្តាលមកពីភាពមិនប្រក្រតីនៃបេះដូង ឬសរសៃឈាមខួរក្បាលដែលមិនទាន់បង្ហាញរោគសញ្ញា។
ការគេងយប់ជ្រៅជាប្រចាំ ធ្វើការច្រើនម៉ោង ធ្វើការងារធ្ងន់ ឬហាត់ប្រាណដោយប្រើកម្លាំងខ្លាំង មិនមែនជាមូលហេតុផ្ទាល់ដែលធ្វើឱ្យមនុស្សវ័យក្មេងស្លាប់ភ្លាមៗនោះទេ។ ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាបេះដូង ឬសរសៃឈាមលាក់កំបាំង ទម្លាប់ទាំងនេះអាចក្លាយជាកត្តាជំរុញឱ្យកើតវិបត្តិ។
អ្នកជំនាញក៏ព្រមានពី សរសៃឈាមខួរក្បាលប៉ោង ដែលអាចមានដោយមិនបង្ហាញរោគសញ្ញា។ នៅពេលរត់ចម្ងាយឆ្ងាយ លេងកីឡា ឬហាត់ប្រាណខ្លាំង សម្ពាធឈាមអាចកើនឡើងយ៉ាងឆាប់រហ័ស ហើយក្នុងករណីខ្លះអាចបង្កឱ្យសរសៃឈាមប៉ោងបែក និងហូរឈាមក្នុងខួរក្បាល។
ដូច្នេះ ប្រសិនបើមាន ឈឺក្បាលខ្លាំងខុសធម្មតា វិលមុខ សន្លប់ភ្លាមៗ មាត់វៀច ដៃជើងខ្សោយ និយាយមិនច្បាស់ មើលមិនច្បាស់ ឬបាត់បង់លំនឹង គួរទៅពិនិត្យជាមួយវេជ្ជបណ្ឌិតឱ្យបានឆាប់។
ប្រសិនបើសង្ស័យថាកំពុងដាច់សរសៃឈាមខួរក្បាល ឬឈប់បេះដូង ត្រូវហៅសង្គ្រោះបន្ទាន់ភ្លាមៗ និងកុំឱ្យអ្នកជំងឺផឹកទឹក ឬផឹកថ្នាំដោយខ្លួនឯង។ ការជួយសង្គ្រោះក្នុងប៉ុន្មាននាទីដំបូង អាចជួយសង្គ្រោះជីវិត និងកាត់បន្ថយផលវិបាកធ្ងន់ធ្ងរ៕