យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញព្រមានថា ទម្លាប់ញ៉ាំអាហារមួយចំនួនអាចប៉ះពាល់ដល់សុខភាពក្រពះ និងបង្កើនហានិភ័យជំងឺមហារីកក្រពះ ជាពិសេសនៅពេលធ្វើជាប្រចាំ។
ទី១ ញ៉ាំអាហារប្រៃខ្លាំង ដូចជា ត្រីប្រៃ សាច់ប្រៃ បន្លែជ្រក់ អាហារកំប៉ុង និងអាហារជក់ផ្សែង។ ការទទួលអំបិលច្រើនរយៈពេលយូរ អាចប៉ះពាល់ដល់ស្រទាប់ការពារក្រពះ។
ទី២ ញ៉ាំសាច់កែច្នៃញឹកញាប់ ដូចជា សាច់ក្រក សាច់ជក់ផ្សែង ហាំ និងសាច់កែច្នៃផ្សេងៗ។ ដំណើរការកែច្នៃ និងរក្សាទុកអាចបង្កើតសារធាតុមួយចំនួនដែលមិនល្អចំពោះសុខភាព។
ទី៣ ញ៉ាំសាច់ក្រហមច្រើន និងចម្អិនដោយកម្ដៅខ្ពស់ ដូចជាអាំង ឬចៀនខ្លាំង។ គួរបន្ថយបរិមាណសាច់ក្រហម និងបន្ថែមត្រី ស៊ុត សណ្តែក និងប្រភពប្រូតេអ៊ីនផ្សេងៗ។
ទី៤ ផឹកស្រា និងស្រាបៀរជាប្រចាំ ជាពិសេសក្នុងបរិមាណច្រើន អាចបង្កការរលាក និងបំផ្លាញស្រទាប់ក្រពះ ហើយពាក់ព័ន្ធនឹងហានិភ័យមហារីកប្រព័ន្ធរំលាយអាហារ។
ទី៥ ញ៉ាំលឿន និងញ៉ាំបណ្តើរធ្វើការបណ្តើរ ដូចជា មើលទូរស័ព្ទ ឬធ្វើការនៅពេលញ៉ាំ។ ទម្លាប់នេះអាចធ្វើឱ្យញ៉ាំលឿន មិនទំពារឱ្យម៉ដ្ឋ និងប៉ះពាល់ដល់ការរំលាយអាហារ។
ដើម្បីថែរក្សាក្រពះ គួរជ្រើសរើសអាហារស្រស់ កាត់បន្ថយអាហារប្រៃ សាច់កែច្នៃ សាច់ក្រហម និងស្រា ព្រមទាំងញ៉ាំយឺតៗ ទំពារឱ្យម៉ដ្ឋ និងសម្រាកឱ្យបានគ្រប់គ្រាន់។ ប្រសិនបើមានរោគសញ្ញាក្រពះ ឬប្រព័ន្ធរំលាយអាហារបន្តយូរ គួរទៅពិនិត្យជាមួយវេជ្ជបណ្ឌិត៕