យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងជីវិតប្រចាំថ្ងៃដែលមនុស្សភាគច្រើនត្រូវអង្គុយធ្វើការយូរ និងប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ការហាត់ប្រាណត្រឹម ៣០ នាទីក្នុងមួយថ្ងៃ អាចមិនគ្រប់គ្រាន់ទេ ប្រសិនបើនៅសល់ពេលច្រើនម៉ោងអង្គុយស្ងៀម។ ដូច្នេះ ការចលនារាងកាយតិចៗ ប៉ុន្តែជាប្រចាំពេញមួយថ្ងៃ គឺមានសារៈសំខាន់ចំពោះសុខភាព។
ការក្រោកដើរ ឬលាតសន្ធឹងខ្លួនជារៀងរាល់ប្រហែល ៣០ នាទី អាចជួយកាត់បន្ថយការអង្គុយយូរ។ អ្នកក៏អាចឈរធ្វើការ ដើរនិយាយទូរស័ព្ទ ប្រើជណ្តើរជំនួសជណ្តើរយន្ត លាតសន្ធឹងក និងស្មា ឬដើរទិញរបស់របរដែលនៅជិតផ្ទះ ជំនួសការជិះយានយន្ត។
ក្រៅពីនេះ ការសម្អាតផ្ទះ លេងជាមួយសត្វចិញ្ចឹម ធ្វើយូហ្គា ឬហាត់ប្រាណខ្លីៗ ៥–១០ នាទីក្នុងពេលសម្រាក ក៏អាចបង្កើនការចលនារាងកាយបានដែរ។ ការដើរលេងបន្តិចក្រោយពេលញ៉ាំអាហារ ក៏ជាវិធីងាយស្រួលមួយក្នុងការបង្កើនសកម្មភាពប្រចាំថ្ងៃ។
សរុប៖ គន្លឹះសម្រាប់សុខភាពល្អ មិនមែនមានតែការហាត់ប្រាណមួយពេលក្នុងមួយថ្ងៃទេ ប៉ុន្តែគឺ កុំអង្គុយស្ងៀមយូរ និងព្យាយាមចលនារាងកាយជាប្រចាំពេញមួយថ្ងៃ។ ការចលនាតិចៗ ប៉ុន្តែធ្វើជាប់លាប់ អាចជួយឱ្យរាងកាយសកម្ម និងមានសុខភាពល្អជាងមុន៕