យោងតាមការចុះផ្សាយពីប្រភពបរទេស ស្បែកជើងជួយការពារជើង ប៉ុន្តែការពាក់មិនត្រឹមត្រូវអាចបង្កឱ្យឈឺជើង ស្បែកក្រិន រលាក កើតផ្សិត និងបញ្ហាក្រចកបាន។
១. ពាក់ស្បែកជើងតឹងពេក ឬក្បាលចង្អៀត
ស្បែកជើងតឹងអាចសង្កត់ម្រាមជើង បង្កការឈឺ រលាក ពងបែក ស្បែកក្រិន និងក្រចកដុះចូលសាច់។ គួរជ្រើសរើសស្បែកជើងដែលសមនឹងជើង និងមានកន្លែងទូលាយគ្រប់គ្រាន់សម្រាប់ម្រាមជើង។
២. ពាក់ស្បែកជើងបិទជិតពេញមួយថ្ងៃ
បើជើងបែកញើស ហើយស្បែកជើងមិនមានខ្យល់ចេញចូល វាអាចបង្កើតបរិយាកាសក្តៅ និងសើម ដែលងាយឱ្យផ្សិត និងបាក់តេរីកើនឡើង។ ប្រសិនបើអាច គួរដោះស្បែកជើងឱ្យជើងបានសម្រាក និងប្តូរស្បែកជើងប្រើប្រាស់ជាប្រចាំ។
៣. ពាក់ស្បែកជើងនៅពេលជើងនៅសើម
បន្ទាប់ពីងូតទឹក លាងជើង ឬដើរឆ្លងទឹកភ្លៀង មិនគួរពាក់ស្បែកជើងភ្លាមៗទេ។ ត្រូវជូតជើងឱ្យស្ងួត ជាពិសេសចន្លោះម្រាមជើង ព្រោះសំណើមអាចបង្កការរលាក និងជំរុញការកើតផ្សិត។
៤. បន្តពាក់ស្បែកជើងចាស់ដែលបាតពាក់សឹកខ្លាំង
ស្បែកជើងដែលប្រើយូរ អាចបាត់បង់សមត្ថភាពទ្រទ្រង់ និងរងការប៉ះទង្គិច។ វាអាចធ្វើឱ្យជើង កជើង ឬជង្គង់ឈឺនៅពេលដើរ រត់ ឬឈរយូរ។ ប្រសិនបើបាតសឹកខ្លាំង ឬពាក់ហើយឈឺជើង គួរប្តូរថ្មី។
៥. មិនសម្អាតស្បែកជើង និងមិនប្តូរស្រោមជើងជាប្រចាំ
ញើស កោសិកាស្បែក និងធូលីដែលកកស្ទះក្នុងស្បែកជើង អាចបង្កក្លិនមិនល្អ និងបញ្ហាស្បែកជើង។ គួរប្តូរស្រោមជើងរាល់ថ្ងៃ លាងសម្អាតស្បែកជើងតាមប្រភេទសម្ភារៈ និងទុកឱ្យស្ងួតនៅកន្លែងមានខ្យល់ចេញចូល។
សរុបមក កុំជ្រើសស្បែកជើងតែដោយសារតែស្អាត។ អ្វីដែលសំខាន់ជាងគេគឺ សមនឹងជើង មិនតឹង មានការទ្រទ្រង់ល្អ ជើងស្ងួតស្អាត និងស្បែកជើងមានអនាម័យ ដើម្បីជួយរក្សាជើងឱ្យមានសុខភាពល្អ៕