យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញផ្នែកបុរសបានព្រមានថា សុខភាពក្រពេញប្រូស្តាតមិនពាក់ព័ន្ធតែជីវិតផ្លូវភេទប៉ុណ្ណោះទេ ប៉ុន្តែទម្លាប់រស់នៅប្រចាំថ្ងៃក៏អាចមានឥទ្ធិពលដែរ។
ទម្លាប់ដែលគួរប្រុងប្រយ័ត្នរួមមាន អង្គុយយូរមិនងើបដើរ ដែលអាចបង្កសម្ពាធលើតំបន់អាងត្រគាក។ គួរងើបដើរ ឬផ្លាស់ទីខ្លួនជាប្រចាំ ជាពិសេសអ្នកធ្វើការការិយាល័យ ឬបើកបររយៈពេលយូរ។
ការទប់នោមជាញឹកញាប់ ក៏មិនមែនជាទម្លាប់ល្អឡើយ ព្រោះអាចបង្កសម្ពាធលើប្លោកនោម និងប្រព័ន្ធផ្លូវទឹកនោម។ នៅពេលមានអារម្មណ៍ចង់នោម គួរចូលបង្គន់ឱ្យបានទាន់ពេល និងផឹកទឹកគ្រប់គ្រាន់។
ការផឹកស្រា និងញ៉ាំអាហារហឹរច្រើន អាចធ្វើឱ្យរោគសញ្ញាតំបន់ផ្លូវទឹកនោមកាន់តែធ្ងន់នៅមនុស្សមួយចំនួន ដូច្នេះគួរកាត់បន្ថយ ជាពិសេសប្រសិនបើមានរោគសញ្ញារួចហើយ។
ការគេងយប់ជ្រៅ និងធ្វើការហួសកម្លាំង ក៏គួរបញ្ឈប់ ព្រោះការគេងមិនគ្រប់គ្រាន់អាចប៉ះពាល់ដល់សុខភាពទូទៅ និងប្រព័ន្ធភាពស៊ាំ។
ចុងក្រោយគឺ ការសម្អាតតំបន់ភេទមិនត្រឹមត្រូវ។ មិនគួរធ្វេសប្រហែសក្នុងការរក្សាអនាម័យ ហើយក៏មិនគួរប្រើសាប៊ូ ឬផលិតផលដែលមានសារធាតុសម្អាតខ្លាំងពេកដែរ ព្រោះអាចបង្កការរលាក។
សរុបមក ការផ្លាស់ប្តូរទម្លាប់រស់នៅ ដូចជា កុំអង្គុយយូរ កុំទប់នោម កាត់បន្ថយស្រា និងអាហារហឹរ គេងឱ្យគ្រប់ និងរក្សាអនាម័យត្រឹមត្រូវ អាចជួយថែរក្សាសុខភាពប្រព័ន្ធទឹកនោម និងបន្តពូជរបស់បុរស៕