យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើននៅពេលរកឃើញប្រភេទហាត់ប្រាណដែលខ្លួនចូលចិត្ត ក៏បន្តធ្វើតែបែបដដែលៗជារៀងរាល់ថ្ងៃ។ ប៉ុន្តែការហាត់ប្រាណដដែលៗយូរៗ អាចធ្វើឱ្យរាងកាយស៊ាំ និងលទ្ធផលមិនរីកចម្រើនដូចដើម។ ការផ្លាស់ប្តូរ និងបន្ថែមប្រភេទហាត់ប្រាណផ្សេងៗ អាចមានអត្ថប្រយោជន៍ជាច្រើន។
១. ជួយជំរុញការប្រើប្រាស់ថាមពល
នៅពេលរាងកាយស៊ាំនឹងចលនាដដែលៗ វាអាចធ្វើចលនាបានមានប្រសិទ្ធភាពជាងមុន និងប្រើថាមពលតិចជាងពេលចាប់ផ្តើម។ ការផ្លាស់ប្តូរលំហាត់អាចជួយបង្កើនការប្រឈមថ្មីដល់រាងកាយ។
២. ជួយកាត់បន្ថយការរងរបួស
ការប្រើសាច់ដុំ សន្លាក់ ឬសរសៃពួរដដែលៗជាប្រចាំ អាចបង្កើនការរងរបួសដោយសារការប្រើប្រាស់ច្រើនពេក។ ការផ្លាស់ប្តូរលំហាត់អាចជួយឱ្យផ្នែកខ្លះនៃរាងកាយមានពេលសម្រាក និងស្តារខ្លួន។
៣. ពង្រឹងសាច់ដុំបានច្រើនផ្នែក
ការរត់ ឬលើកទម្ងន់តែបែបមួយ អាចផ្តោតលើសាច់ដុំមួយចំនួន ខណៈសាច់ដុំផ្សេងទៀតមិនសូវត្រូវបានប្រើ។ ការបន្ថែមលំហាត់ផ្សេងៗអាចជួយពង្រឹងរាងកាយបានកាន់តែសមស្រប។
៤. ជួយជំរុញការងាររបស់ខួរក្បាល
នៅពេលរៀនចលនា ឬលំហាត់ថ្មីៗ ខួរក្បាលត្រូវរៀន និងសម្របសម្រួលចលនាថ្មី។ នេះអាចជួយឱ្យការហាត់ប្រាណមិនមែនផ្តល់ប្រយោជន៍តែដល់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការធ្វើការរបស់ខួរក្បាលផងដែរ។
៥. ជួយឱ្យការហាត់ប្រាណមិនធុញទ្រាន់
ការរត់ផ្លូវដដែល ប្រើឧបករណ៍ដដែល ឬធ្វើលំហាត់ដដែលៗ អាចធ្វើឱ្យធុញ និងបាត់ការលើកទឹកចិត្ត។ ការសាកល្បងសកម្មភាពថ្មីៗអាចធ្វើឱ្យការហាត់ប្រាណមានភាពសប្បាយ និងគួរឱ្យចាប់អារម្មណ៍ជាងមុន។
សរុបមក ការហាត់ប្រាណមិនចាំបាច់ត្រូវធ្វើតែបែបមួយទេ។ អ្នកអាចបញ្ចូលការដើរ រត់ ហែលទឹក ជិះកង់ លំហាត់កម្លាំង និងលំហាត់បត់បែនតាមសមត្ថភាព។ ការផ្លាស់ប្តូររបៀបហាត់ប្រាណដោយសមស្រប អាចជួយឱ្យរាងកាយរឹងមាំ កាត់បន្ថយភាពធុញទ្រាន់ និងរក្សាការហាត់ប្រាណបានយូរអង្វែង៕