ការផឹកទឹកឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមក្បួនខ្នាត គឺមិនត្រឹមតែជួយទ្រទ្រង់ដំណើរការទូទៅនៃរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាជំរុញដ៏សំខាន់មួយក្នុងយន្តការដុតបំផ្លាញកាឡូរី និងជាតិខ្លាញ់ផងដែរ។
យន្តការនៃការផឹកទឹកជួយដុតបំផ្លាញជាតិខ្លាញ់
ជួយបង្កើនដំណើរការដុតបំផ្លាញថាមពល ៖ ការផឹកទឹកប្រហែល ៥០០ មីលីលីត្រ អាចបង្កើនល្បឿនមេតាបូលីសក្នុងរាងកាយរហូតដល់ ២៤–៣០% ក្នុងរយៈពេលប្រហែលមួយម៉ោង ដោយសាររាងកាយត្រូវចំណាយថាមពលបន្ថែមដើម្បីកែសម្រួលកម្តៅទឹកឱ្យស្មើនឹងកម្តៅក្នុងខ្លួន។
បំប្លែងខ្លាញ់ទៅជាថាមពល ៖ ដំណើរការរំលាយ និងដុតបំផ្លាញជាតិខ្លាញ់ក្នុងកោសិកា ទាមទារឱ្យមានម៉ូលេគុលទឹកជាចាំបាច់។ ប្រសិនបើរាងកាយខ្វះជាតិទឹក ដំណើរការនៃការដុតខ្លាញ់ចាស់ៗដែលស្តុកទុកនឹងត្រូវថយចុះ។
ជួយកាត់បន្ថយការឃ្លានចំណីអាហារ៖ ការផឹកទឹកមួយកែវធំមុនពេលទទួលទានអាហារប្រហែល ៣០ នាទី ជួយឱ្យក្រពះឆាប់ឆ្អែត និងកាត់បន្ថយការញ៉ាំកាឡូរីលើសកម្រិត។
ជួយបណ្តេញជាតិពុល និងកាត់បន្ថយការហើមសាច់៖ នៅពេលរាងកាយទទួលបានជាតិទឹកគ្រប់គ្រាន់ តម្រងនោម និងថ្លើមនឹងដំណើរការបានពេញលេញក្នុងការច្រោះកាកសំណល់ និងជាតិពុលចេញមកក្រៅ។
+កាលវិភាគផឹកទឹកឱ្យត្រូវក្បួនដើម្បីសុខភាព និងការគ្រប់គ្រងទម្ងន់
ពេលព្រឹកក្រោយភ្ញាក់ពីគេង (១–២ កែវ)៖ ជួយដាស់ប្រព័ន្ធរំលាយអាហារ លាងសម្អាតជាតិពុល និងបង្កើនថាមពលពេលព្រឹក។
មុនពេលញ៉ាំបាយ ៣០ នាទី (១ កែវ)៖ ជួយសម្រួលការរំលាយអាហារ និងទប់ស្កាត់ការញ៉ាំច្រើនហួសប្រមាណ។
មុនពេល និងក្រោយពេលហាត់ប្រាណ (១–២ កែវ)៖ រក្សាតុល្យភាពជាតិទឹក និងជួយឱ្យសាច់ដុំដំណើរការដុតបំផ្លាញ់កាឡូរីបានល្អបំផុត។
ចន្លោះពេលពេញមួយថ្ងៃ ៖ គួរក្រេបទឹកម្តងបន្តិចៗឱ្យបានទៀងទាត់ (ចន្លោះពី ២ ទៅ ២,៥ លីត្រក្នុងមួយថ្ងៃ) ជៀសវាងការទុកឱ្យស្រេកខ្លាំងទើបផឹកច្រើនក្នុងពេលតែមួយ។
ការផឹកទឹកត្រឹមត្រូវគឺជាជំនួយការដ៏មានប្រសិទ្ធភាព ប៉ុន្តែដើម្បីទទួលបានលទ្ធផលដុតបំផ្លាញខ្លាញ់ច្បាស់លាស់ គួររួមផ្សំជាមួយរបបអាហារដែលមានតុល្យភាព និងការធ្វើលំហាត់ប្រាណជាប្រចាំ។
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕