ការលាងសម្អាតមុខ គឺជាជំហានដំបូង និងសំខាន់បំផុតនៃការថែទាំស្បែក ប៉ុន្តែមនុស្សជាច្រើនតែងតែមើលរំលងទម្លាប់តូចតាចមួយចំនួន ដែលអាចប្រែក្លាយពីការថែទាំទៅជាការបំផ្លាញស្បែកមុខឱ្យឆាប់ចាស់ ស្ងួត និងងាយឡើងមុនទៅវិញ។
កំហុសឆ្គងទាំង ៤ ពេលលាងមុខដែលគួរជៀសវាង
១.មិនបានលាងដៃមុនពេលលាងមុខ៖ ដៃជាកន្លែងផ្ទុកបាក់តេរី និងធូលីដីច្រើនបំផុត។ ការយកដៃកខ្វក់មកប៉ះ ឬម៉ាស្សាមុខផ្ទាល់ នឹងរុញមេរោគចូលជ្រៅទៅក្នុងរន្ធញើស ដែលជាមូលហេតុចម្បងនៃការកើតមុន និងរលាកស្បែក។
២.ប្រើប្រាស់ទឹកក្តៅពេកមកលាងមុខ៖ ការលាងមុខនឹងទឹកក្តៅខ្លាំង នឹងលាងជម្រះជាតិប្រេងធម្មជាតិដែលការពារស្បែកចេញអស់ ធ្វើឱ្យស្បែកស្ងួត តឹង ឆាប់រលាក និងជំរុញឱ្យក្រពេញប្រេងបញ្ចេញជាតិប្រេងកាន់តែច្រើនជាងមុន។ ជម្រើសល្អបំផុត គឺប្រើប្រាស់ទឹកក្តៅឧណ្ហៗ ឬទឹកត្រជាក់ល្មម។
៣.ត្រដុស ឬខាត់មុខខ្លាំងៗពេក៖ ការដុសខាត់ខ្លាំងៗដោយគិតថាជួយឱ្យស្អាតជ្រៅ តាមពិតទៅវាបានបំផ្លាញរបាំងការពារស្បែក (Skin Barrier) បង្កឱ្យស្បែកមុខស្តើង ឆាប់ក្រហម និងបង្កើតស្នាមជ្រួញមុនអាយុ។ ចូរម៉ាស្សាថ្នមៗជារង្វង់ដោយប្រើចុងម្រាមដៃ។
៤.ទុកមុខឱ្យស្ងួតយូរពេក ទើបលាបផលិតផលថែរក្សាស្បែក (Skincare)៖ ពេលវេលាដែលល្អបំផុតក្នុងការលាបសេរ៉ូម ឬក្រែមផ្តល់សំណើម (Moisturizer) គឺក្នុងអំឡុងពេលស្បែកនៅមានសំណើមតិចៗ (ប្រហែល ៦០ វិនាទីក្រោយលាងមុខរួច) ដើម្បីជួយឱ្យស្បែកស្រូបយកសារធាតុចិញ្ចឹមបានល្អ និងចាក់សោរសំណើមបានយូរ។
ការផ្លាស់ប្តូរទម្លាប់តូចៗទាំងនេះ នឹងជួយឱ្យស្បែកមុខរបស់អ្នកមានសុខភាពល្អ ភ្លឺថ្លា និងទន់រលោងពីធម្មជាតិដោយមិនចាំបាច់ចំណាយប្រាក់ច្រើន។
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕