យោងតាមការចុះផ្សាយពីប្រភពបរទេស សម្រាប់មនុស្សជាច្រើន កាហ្វេជាភេសជ្ជៈដែលមិនអាចខ្វះបាននៅពេលព្រឹក ប៉ុន្តែការជ្រើសរើសម៉ឺនុយកាហ្វេមិនត្រឹមត្រូវ អាចធ្វើឱ្យរាងកាយទទួលស្ករ ខ្លាញ់ និងកាឡូរីច្រើនជាងតម្រូវការ ហើយបង្កើនហានិភ័យបញ្ហាសុខភាពរយៈពេលវែង។
កាហ្វេដែលគួរប្រុងប្រយ័ត្នមាន ៤ ប្រភេទ។ ទី១ កាហ្វេទឹកក្រូច ព្រោះហាងមួយចំនួនប្រើទឹកក្រូចកែច្នៃ ឬទឹកក្រូចប្រអប់ដែលមានបន្ថែមស្ករច្រើន។ ការទទួលជាតិស្ករ Fructose ច្រើនជាប្រចាំ អាចប៉ះពាល់ដល់កម្រិត Triglycerides និងអាស៊ីតអ៊ុយរិកក្នុងឈាម។
ទី២ កាហ្វេលាយទឹកដោះគោ និងស៊ីរ៉ូ ដូចជា Latte, Cappuccino ឬ Mocha ដែលអាចមានស្ករខ្ពស់ពីស៊ីរ៉ូ និងគ្រឿងផ្សំបន្ថែម។ ប្រសិនបើចូលចិត្តកាហ្វេទឹកដោះគោ គួរជ្រើសរើសប្រភេទមិនផ្អែម ឬកាត់បន្ថយស៊ីរ៉ូ។
ទី៣ កាហ្វេ 3 in 1 ដែលងាយស្រួលផឹក ប៉ុន្តែជាទូទៅមានស្ករ និង Creamer ច្រើន។ ប្រសិនបើផឹកញឹកញាប់ ឬច្រើនកញ្ចប់ក្នុងមួយថ្ងៃ អាចធ្វើឱ្យទទួលស្ករ និងខ្លាញ់លើសតម្រូវការ។
ទី៤ កាហ្វេបែបបុរាណ ដែលជាញឹកញាប់មានទឹកដោះគោខាប់ ទឹកដោះគោ និងស្ករច្រើន ធ្វើឱ្យមានកាឡូរីខ្ពស់។ ការផឹកញឹកញាប់អាចមិនល្អសម្រាប់ការគ្រប់គ្រងទម្ងន់ និងជាតិស្ករក្នុងឈាម។
សម្រាប់អ្នកចូលចិត្តកាហ្វេ និងចង់ថែរក្សាសុខភាព គួរជ្រើស Americano, Espresso ឬកាហ្វេខ្មៅដែលមិនបន្ថែមស្ករ។ ប្រសិនបើចូលចិត្តកាហ្វេទឹកដោះគោ អាចជ្រើសទឹកដោះគោមិនផ្អែម និងកាត់បន្ថយស៊ីរ៉ូ។
សម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អ ជាទូទៅគួរគ្រប់គ្រងការទទួលជាតិកាហ្វេអ៊ីនមិនឱ្យលើសប្រហែល ៤០០មិល្លីក្រាមក្នុងមួយថ្ងៃ ដោយបរិមាណពិតប្រាកដអាស្រ័យលើប្រភេទ និងកម្លាំងកាហ្វេ។
សំខាន់បំផុត មិនមែនមានតែកាហ្វេជាបញ្ហាទេ ប៉ុន្តែ ស្ករ Creamer ស៊ីរ៉ូ និងគ្រឿងផ្សំបន្ថែម ទាំងនេះហើយដែលអាចធ្វើឱ្យកាហ្វេក្លាយជាភេសជ្ជៈមានស្ករ និងកាឡូរីខ្ពស់៕