យោងតាមការចុះផ្សាយពីប្រភពបរទេស ខ្នើយ និងតុក្កតា ជារបស់ប្រើប្រាស់ដែលយើងប៉ះពាល់រាល់ថ្ងៃ ប៉ុន្តែជាញឹកញាប់មិនបានសម្អាតគ្រប់គ្រាន់។ វាអាចកកកុញធូលី មេរោគ ជាតិញើស និងក្លិនមិនល្អ ហើយអាចជំរុញអាការៈអាលែកហ្ស៊ីបាន។ ដូច្នេះ ការសម្អាតជាប្រចាំគឺសំខាន់សម្រាប់អនាម័យ និងសុខភាព។
មុនបោកខ្នើយ គួរពិនិត្យស្លាកណែនាំរបស់ក្រុមហ៊ុនផលិតជាមុន ព្រោះខ្នើយនីមួយៗមានសម្ភារៈខុសគ្នា។ ខ្នើយដែលផលិតពីសរសៃសំយោគ ឬ Microfiber ភាគច្រើនអាចបោកក្នុងម៉ាស៊ីនបាន ដោយប្រើកម្មវិធីបោកទន់ភ្លន់ ទឹកត្រជាក់ ឬទឹកធម្មតា និងសាប៊ូបោកខោអាវដែលមានភាពទន់ភ្លន់។ គួរប្រើការបង្វិលក្នុងល្បឿនទាប ដើម្បីកុំឱ្យខ្នើយខូចទ្រង់ទ្រាយ។
ចំពោះខ្នើយ Memory Foam និង Latex មិនគួរដាក់ចូលម៉ាស៊ីនបោក ឬត្រាំក្នុងទឹកឡើយ ព្រោះអាចធ្វើឱ្យរចនាសម្ព័ន្ធខូច។ ប្រសិនបើមានស្នាមប្រឡាក់ អាចប្រើក្រណាត់សើមលាយសាប៊ូស្រាលៗជូតតែតំបន់នោះ ហើយយកទៅហាលឱ្យស្ងួតទាំងស្រុង។
ក្រោយបោករួច ត្រូវធ្វើឱ្យខ្នើយស្ងួតល្អ ដោយដាក់នៅកន្លែងមានខ្យល់ចេញចូល ឬមានពន្លឺថ្ងៃស្រាលៗ និងបង្វិលខ្នើយជាប្រចាំ។ ប្រសិនបើមានសំណើមនៅសល់ អាចបង្កឱ្យមានផ្សិត និងក្លិនអាប់។
សម្រាប់តុក្កតា គួរពិនិត្យមើលសម្ភារៈ និងផ្នែកខាងក្នុងជាមុន។ ប្រសិនបើមានថ្ម ប្រព័ន្ធសំឡេង ប្រអប់តន្ត្រី ឬខ្សែលួស មិនគួរត្រាំក្នុងទឹកទេ ហើយគួរប្រើវិធីជូតសម្អាតជំនួស។
ប្រសិនបើតុក្កតាអាចបោកក្នុងម៉ាស៊ីនបាន គួរដាក់ក្នុងថង់បោកខោអាវ ប្រើទឹកត្រជាក់ និងកម្មវិធីបោកទន់ភ្លន់ ដើម្បីការពារក្រណាត់ និងរោម។ ចំពោះតុក្កតាធំ ឬងាយខូច គួរបោកដោយដៃ ដោយត្រាំក្នុងទឹកលាយសាប៊ូស្រាលៗប្រហែល ១០–១៥នាទី រួចច្របាច់ថ្នមៗ និងលាងទឹករហូតអស់ពពុះ។
បន្ទាប់មក ប្រើក្រណាត់ស្អាតស្រូបទឹក ហើយយកទៅហាលនៅកន្លែងមានខ្យល់ចេញចូលល្អ ឬមានពន្លឺថ្ងៃស្រាលៗ។ នៅពេលស្ងួត អាចរៀបចំទ្រង់ទ្រាយ និងសិតរោមថ្នមៗ ដើម្បីឱ្យតុក្កតាត្រឡប់មកទន់ និងរលោងដូចដើម។
ជាទូទៅ ខ្នើយគួរសម្អាតរៀងរាល់ ៣–៦ខែម្តង ខណៈស្រោមខ្នើយគួរបោករៀងរាល់ ១–២សប្តាហ៍។ តុក្កតាដែលយកមកឱបគេង គួរសម្អាតរៀងរាល់ ១–២ខែម្តង ហើយតុក្កតាសម្រាប់តុបតែងបន្ទប់ គួរបូមធូលី ឬសម្អាតរៀងរាល់ ៣–៦ខែ។
ការបូមធូលីពីខ្នើយ និងតុក្កតាជាប្រចាំ ការយកទៅហាលនៅកន្លែងមានខ្យល់ចេញចូលល្អ និងការរក្សាទុកនៅកន្លែងស្ងួត អាចជួយកាត់បន្ថយធូលី មេរោគ និងក្លិនផ្អួរ។ ការសម្អាតត្រឹមត្រូវមិនត្រឹមធ្វើឱ្យរបស់ប្រើប្រាស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សាទ្រង់ទ្រាយ និងពន្យារអាយុកាលនៃខ្នើយ និងតុក្កតាផងដែរ៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕