យោងតាមការចុះផ្សាយពីប្រភពបរទេស ពងមាន់ជាអាហារដែលមានសារធាតុចិញ្ចឹមច្រើន ជាពិសេសប្រូតេអ៊ីនគុណភាពល្អ ព្រមទាំងវីតាមីន A, D, B12 និងសារធាតុរ៉ែដូចជា ផូស្វ័រ និងជាតិដែក។ ប្រូតេអ៊ីនក្នុងពងមាន់ជួយដល់ការកសាង និងជួសជុលជាលិការាងកាយ ខណៈសារធាតុចិញ្ចឹមផ្សេងៗក៏មានតួនាទីសំខាន់ចំពោះខួរក្បាល ប្រព័ន្ធប្រសាទ និងការមើលឃើញ។
ទោះជាយ៉ាងណា ការញ៉ាំពងមាន់ជ័រព្នៅដែលចម្អិនមិនទាន់ឆ្អិនល្អ មិនមានន័យថានឹងទទួលបានសារធាតុចិញ្ចឹមច្រើនជាងពងដែលចម្អិនឆ្អិនទេ។ ផ្ទុយទៅវិញ ពងឆៅ ឬពងដែលចម្អិនមិនទាន់ឆ្អិន អាចមានហានិភ័យបំពុលដោយបាក់តេរី ដែលអាចបណ្តាលឱ្យរាគ ឈឺពោះ ក្តៅខ្លួន ចង្អោរ ឬក្អួត។
កុមារ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ គួរប្រុងប្រយ័ត្នជាពិសេស និងជ្រើសរើសពងដែលចម្អិនឱ្យឆ្អិនល្អ ដើម្បីកាត់បន្ថយហានិភ័យ។
សម្រាប់អ្នកដែលចូលចិត្តពងមាន់ ពេលចម្អិនប្រហែល ៣–៤ នាទី ពងសអាចចាប់ផ្តើមរឹង ខណៈពងក្រហមនៅរាវ។ ប្រហែល ៥–៦ នាទី ពងសចាប់ផ្តើមឆ្អិនល្អជាងមុន ប៉ុន្តែពងក្រហមនៅទន់។ ប្រសិនបើចង់ផ្តោតលើសុវត្ថិភាព គួរចម្អិនឱ្យពងស និងពងក្រហមឆ្អិនទាំងស្រុង។
សរុបមក ពងមាន់ជាអាហារដែលមានប្រយោជន៍ និងអាចជាផ្នែកមួយនៃអាហារពេលព្រឹកដែលមានតុល្យភាព ប៉ុន្តែ ពងមាន់ជ័រព្នៅមិនមានប្រយោជន៍ជាងពងដែលចម្អិនឆ្អិនល្អទេ។ ប្រសិនបើផ្តោតលើសុវត្ថិភាព ជាពិសេសសម្រាប់ក្រុមដែលមានហានិភ័យខ្ពស់ គួរជ្រើសរើសពងដែលឆ្អិនទាំងស្រុង៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕