យោងតាមការចុះផ្សាយពីប្រភពបរទេស ពេលវេលាផឹកកាហ្វេអាចមានឥទ្ធិពលលើភាពស្រស់ស្រាយ និងការគេង។ ជាទូទៅ អ្នកជំនាញជាច្រើនណែនាំឱ្យជៀសវាងផឹកកាហ្វេភ្លាមៗក្រោយភ្ញាក់ពីដំណេក ហើយអាចពិចារណាផឹកនៅពេលព្រឹកចុងក្រោយ ឬពេលថ្ងៃដែលរាងកាយចាប់ផ្តើមមានអារម្មណ៍ងងុយ។
អ្នកជំនាញលើកឡើងថា ចន្លោះប្រហែល ម៉ោង ៩:៣០–១១:៣០ ព្រឹក អាចជាពេលសមស្របសម្រាប់មនុស្សមួយចំនួន ព្រោះកម្រិតអ័រម៉ូនក័រទីសុល ដែលជួយឱ្យរាងកាយភ្ញាក់សកម្ម មាននិន្នាការថយចុះក្រោយពេលព្រឹក។ ការផឹកកាហ្វេនៅពេលនេះអាចជួយបង្កើនភាពភ្ញាក់រហ័ស និងការផ្តោតអារម្មណ៍។
ទោះជាយ៉ាងណា ពេលវេលាដែលសមស្របមិនដូចគ្នាសម្រាប់មនុស្សគ្រប់គ្នាទេ ព្រោះអាស្រ័យលើម៉ោងភ្ញាក់ពីដំណេក របៀបរស់នៅ និងភាពងាយប្រតិកម្មចំពោះកាហ្វេអ៊ីន។ អ្នកដែលងាយចូលគេងមិនលក់ ឬមានអារម្មណ៍បេះដូងលោតញាប់ គួរជៀសវាងកាហ្វេនៅពេលរសៀល ឬយ៉ាងហោចណាស់ ៦ម៉ោងមុនចូលគេង។
សម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អ ការទទួលទានកាហ្វេអ៊ីនសរុបប្រហែល មិនលើស ៤០០មិល្លីក្រាមក្នុងមួយថ្ងៃ ជាទូទៅត្រូវបានចាត់ទុកថាជាកម្រិតសមរម្យ ប៉ុន្តែបរិមាណកាហ្វេអ៊ីនក្នុងកាហ្វេមួយកែវអាចខុសគ្នាតាមប្រភេទ និងវិធីឆុង។
សំខាន់ជាងពេលវេលា គឺត្រូវសង្កេតប្រតិកម្មរបស់រាងកាយខ្លួនឯង និងកុំផឹកកាហ្វេច្រើនពេក ជាពិសេសប្រសិនបើវាប៉ះពាល់ដល់ការគេង ឬបង្កឱ្យមានអារម្មណ៍មិនស្រួល៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕