យោងតាមការចុះផ្សាយពីប្រភពបរទេស តាសក់ជាបន្លែដែលមានទឹកច្រើនជាង ៩០% និងមានវីតាមីននិងសារធាតុរ៉ែជាច្រើន ប៉ុន្តែបើជ្រើសរើសតាសក់ដែលចាប់ផ្តើមចាស់ ឬបាត់បង់ភាពស្រស់ វាអាចមានរសជាតិមិនឆ្ងាញ់ និងរក្សាទុកបានមិនយូរ។
មុនទិញតាសក់ សូមសង្កេត ៥ ចំណុច ខាងក្រោម៖
១. ពណ៌បៃតងស្មើគ្នា
តាសក់ស្រស់គួរមានពណ៌បៃតងស្មើគ្នា មិនស្លេក មិនលឿង និងគ្មានចំណុចពណ៌ត្នោតខុសប្រក្រតី។ ប្រសិនបើចាប់ផ្តើមលឿង អាចបង្ហាញថាតាសក់ចាស់ ឬរក្សាទុកយូរ ហើយសាច់អាចទន់ និងគ្រាប់ធំជាងមុន។
២. សំបកតឹងណែន មិនជ្រីវជ្រួញ
តាសក់ស្រស់មានសំបកតឹងណែន និងមើលទៅមានសំណើមធម្មជាតិ។ ប្រសិនបើសំបកជ្រីវជ្រួញ ឬស្វិត អាចបង្ហាញថាបាត់បង់ទឹកច្រើន និងមិនសូវស្រួយ។
៣. ចាប់មើលទៅរឹងល្មម មិនទន់
តាសក់ល្អគួរមានសាច់រឹងល្មម និងមិនស្រុតនៅពេលចុចស្រាលៗ។ ប្រសិនបើមានកន្លែងទន់ ឬស្រុត អាចជាសញ្ញានៃការជាំ ឬចាប់ផ្តើមខូច។
៤. គ្មានស្នាមជាំ ប្រេះ ឬរលួយ
គួរជ្រើសរើសផ្លែដែលសំបកនៅល្អ គ្មានស្នាមប្រេះ ស្នាមជាំ ឬចំណុចរលួយ ព្រោះកន្លែងទាំងនេះអាចធ្វើឱ្យមេរោគចូលទៅក្នុងបន្លែ និងធ្វើឱ្យវាខូចលឿន។
៥. ជ្រើសទំហំមធ្យម និងរាងស្មើល្អ
តាសក់ទំហំមធ្យមជាទូទៅមានសាច់រឹង គ្រាប់មិនទាន់ចាស់ និងមានភាពស្រួយល្អជាង។ តាសក់ធំពេកអាចមានគ្រាប់ច្រើន និងសាច់មិនសូវរឹង។
តាសក់រាងកោង អាចញ៉ាំបានទេ?
អាចញ៉ាំបាន ប្រសិនបើសំបកនៅស្រស់ ពណ៌បៃតងស្មើ និងសាច់រឹង។ រាងកោងមិនមែនមានន័យថាតាសក់ខូចទេ ព្រោះអាចបណ្តាលមកពីលក្ខខណ្ឌពេលវាលូតលាស់។
របៀបរក្សាតាសក់ឱ្យស្រស់
គួររក្សាទុកក្នុងផ្នែកបន្លែនៃទូទឹកកក មិនគួរលាងមុនពេលរក្សាទុក ព្រោះសំណើមអាចធ្វើឱ្យខូចលឿន ហើយអាចរុំដោយក្រដាសស្រូបសំណើមមុនដាក់ក្នុងថង់ ឬប្រអប់។ គួរទទួលទានក្នុងរយៈពេលប្រហែល ៥–៧ថ្ងៃ ដើម្បីរក្សាភាពស្រួយ និងរសជាតិ៕