យោងតាមការចុះផ្សាយពីប្រភពបរទេស ស្និតសក់ជារបស់ប្រើប្រាស់ដែលប៉ះផ្ទាល់នឹងសក់ និងស្បែកក្បាលជារៀងរាល់ថ្ងៃ ប៉ុន្តែមនុស្សជាច្រើនគ្រាន់តែដកសក់ដែលជាប់ចេញ ហើយប្រើបន្ត ដោយមិនបានសម្អាតស្និតជាប្រចាំ។
តាមពេលវេលា ស្និតសក់អាចកកស្ទះដោយប្រេងពីស្បែកក្បាល កោសិកាស្បែកដែលរបកចេញ ធូលី និងកាកសំណល់ពីសាប៊ូ ក្រែមបន្ទន់សក់ ឬផលិតផលរៀបចំសក់។ ការប្រមូលផ្តុំយូរៗអាចធ្វើឱ្យស្និតមានជាតិប្រេង ក្លិនមិនល្អ និងនាំកាកសំណល់ទាំងនេះត្រឡប់មកជាប់សក់នៅពេលស្និត។
ការមិនលាងស្និតមិនមែនមានន័យថានឹងបង្កជំងឺជានិច្ចនោះទេ ប៉ុន្តែអាចធ្វើឱ្យស្និតជាប់ក្អែលមិនរលូន សក់ងាយជាប់ និងធ្វើឱ្យកាកសំណល់ត្រឡប់មកលើសក់។ ប្រសិនបើប្រើស្និតរួមគ្នាជាមួយអ្នកដទៃ ក៏អាចបង្កើនឱកាសចម្លងបញ្ហាស្បែកក្បាល ឬប៉ារ៉ាស៊ីតដូចជា ចៃសក់បានផងដែរ។
តើគួរលាងស្និតសក់ប៉ុន្មានដង?
គួរដកសក់ដែលជាប់ស្និតចេញរាល់ពេលប្រើ ហើយប្រសិនបើប្រើជារៀងរាល់ថ្ងៃ គួរលាងស្និតប្រហែលមួយដងក្នុងមួយសប្តាហ៍។ អ្នកដែលប្រើផលិតផលរៀបចំសក់ញឹកញាប់ ឬមានស្បែកក្បាលប្រេងខ្លាំង អាចត្រូវលាងញឹកញាប់ជាងនេះ។
វិធីសម្អាតស្និតសក់ងាយៗ
ដំបូង ដកសក់ដែលជាប់តាមធ្មេញស្និតចេញឱ្យអស់ បន្ទាប់មកត្រាំក្នុងទឹកក្តៅឧណ្ហៗលាយសាប៊ូទន់ប្រហែល ១០–១៥នាទី។ ប្រើច្រាសទន់ដុសតាមធ្មេញស្និតថ្នមៗ រួចលាងជាមួយទឹកស្អាត និងទុកឱ្យស្ងួតទាំងស្រុងមុនប្រើវិញ។
សម្រាប់ស្និតធ្វើពីឈើ មិនគួរត្រាំក្នុងទឹកយូរទេ ព្រោះអាចធ្វើឱ្យឈើរីក ប្រេះ ឬខូច។ គួរអនុវត្តតាមការណែនាំរបស់ក្រុមហ៊ុនផលិត។
ប្រសិនបើធ្មេញស្និតបាក់ បត់ ក្លាយជាមុត មានស្នាមកខ្វក់ជាប់លាងមិនចេញ ឬតួស្និតប្រេះ គួរពិចារណាប្តូរថ្មី។
ការលាងស្និតសក់ជាទម្លាប់តូចមួយ ប៉ុន្តែអាចជួយកាត់បន្ថយការកកស្ទះនៃប្រេង ធូលី និងកាកសំណល់ពីផលិតផលថែរក្សាសក់។ ដូច្នេះ បើអ្នកប្រើស្និតជារៀងរាល់ថ្ងៃ កុំភ្លេចសម្អាតវាយ៉ាងហោចណាស់មួយដងក្នុងមួយសប្តាហ៍៕