យោងតាមការចុះផ្សាយពីប្រភពបរទេស ពេលស្នាក់នៅសណ្ឋាគារ អ្នកប្រហែលធ្លាប់ឃើញក្រណាត់វែងមួយដាក់នៅចុងគ្រែ ដែលគេហៅថា Bed Runner។ ក្រៅពីជួយឱ្យបន្ទប់មើលទៅស្រស់ស្អាត និងប្រណីត វាក៏មានប្រយោជន៍ជាច្រើនដែលមនុស្សជាច្រើនមិនសូវដឹង។
ដើមឡើយ Bed Runner ត្រូវបានបង្កើតឡើងនៅប្រទេសលោកខាងលិច ដើម្បីការពារកម្រាលគ្រែពីធូលី និងស្នាមកខ្វក់ ពេលភ្ញៀវអង្គុយ ឬឡើងលើគ្រែទាំងពាក់ស្បែកជើង។
លើសពីនេះ វាក៏អាចប្រើសម្រាប់ដាក់កាបូប សម្លៀកបំពាក់ ឬរបស់របរបណ្តោះអាសន្ន ដោយមិនធ្វើឱ្យកម្រាលគ្រែស្អាតប្រឡាក់។ មនុស្សមួយចំនួនក៏ប្រើវាជាកន្លែងអង្គុយពេលពាក់ស្បែកជើង លាបឡេ ឬសម្រាកមុនចេញទៅក្រៅផងដែរ។
បច្ចុប្បន្ន សណ្ឋាគារជាច្រើនប្រើ Bed Runner ជាផ្នែកមួយនៃការតុបតែងបន្ទប់ ដោយជ្រើសរើសពណ៌ និងរចនាបថឱ្យស៊ីគ្នាជាមួយគ្រែ និងគ្រឿងសង្ហារិម ដើម្បីបង្កើនភាពទាក់ទាញ។
ចំណែកនៅប្រទេសអាស៊ី រួមទាំងកម្ពុជា ដែលមនុស្សភាគច្រើនមានទម្លាប់ដោះស្បែកជើងមុនចូលបន្ទប់ Bed Runner ត្រូវបានប្រើជាចម្បងសម្រាប់ការតុបតែង ដាក់របស់ និងអង្គុយសម្រាកបណ្តោះអាសន្ន ជាងការការពារកម្រាលគ្រែពីស្បែកជើង៕