យោងតាមការចុះផ្សាយពីប្រភពបរទេស ក្រៅពីការថែរក្សាស្បែកពីខាងក្រៅ អាហារដែលយើងទទួលទានក៏មានតួនាទីសំខាន់ចំពោះសុខភាពស្បែកផងដែរ។ អាហារដែលសម្បូរវីតាមីន សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមផ្សេងៗ អាចជួយថែរក្សាស្បែកឱ្យមានសំណើម និងមានសុខភាពល្អ។
១. បន្លែស្លឹកបៃតង
សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា lutein និង zeaxanthin ដែលជួយការពារកោសិកា និងគាំទ្រសុខភាពស្បែក។ គួរបន្ថែមបន្លែស្លឹកបៃតងក្នុងអាហារប្រចាំថ្ងៃ។
២. គ្រឿងសមុទ្រមានសំបក
បង្គា អយស្ទ័រ និង mussels សម្បូរជាតិស័ង្កសី និងប្រូតេអ៊ីន ដែលមានសារៈសំខាន់សម្រាប់ការថែរក្សាកោសិកា និងជាលិកាស្បែក។
៣. ស៊ុត
ស៊ុតមានប្រូតេអ៊ីន និងសារធាតុចិញ្ចឹមជាច្រើនដែលគាំទ្រសុខភាពស្បែក។ អាចទទួលទានជាមួយបន្លែស្លឹកបៃតង ដើម្បីបង្កើនភាពចម្រុះនៃសារធាតុចិញ្ចឹមក្នុងមួយពេលអាហារ។
៤. ផ្លែស្ត្របឺរី
សម្បូរវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយគាំទ្រដល់ការបង្កើតកូឡាជែន និងការពារកោសិកាពីការខូចខាត។
៥. ស្វាយ
ស្វាយមាន beta-carotene និងវីតាមីន A ដែលជួយគាំទ្រការបន្តកោសិកាស្បែក និងមានប្រយោជន៍ចំពោះសុខភាពភ្នែកផងដែរ។
៦. ផ្សិត
ផ្សិតជាច្រើនប្រភេទមានសារធាតុរ៉ែ selenium ដែលមានតួនាទីជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយការពារកោសិកាពីការខូចខាត។
ការរក្សាស្បែកឱ្យមានសុខភាពល្អ មិនអាចពឹងផ្អែកតែលើផលិតផលថែរក្សាស្បែកទេ។ ការទទួលទានអាហារចម្រុះ ផឹកទឹកគ្រប់គ្រាន់ គេងឱ្យបានគ្រប់ និងហាត់ប្រាណជាប្រចាំ ក៏ជាផ្នែកសំខាន់ក្នុងការថែរក្សាសុខភាព និងស្បែកឱ្យបានល្អរយៈពេលវែង៕