យោងតាមការចុះផ្សាយពីប្រភពបរទេស ការផឹកភេសជ្ជៈក្តៅៗមុនចូលគេង អាចជួយឱ្យរាងកាយនិងអារម្មណ៍ស្ងប់ ប៉ុន្តែគួរជ្រើសរើសតែដែលគ្មានជាតិកាហ្វេអ៊ីន ឬមានកាហ្វេអ៊ីនទាប ព្រោះកាហ្វេអ៊ីនអាចធ្វើឱ្យពិបាកគេង។
តែ ៦ ប្រភេទដែលអាចពិចារណាផឹកមុនចូលគេងមាន៖
១. តែ Chamomile មានសារធាតុ Apigenin ដែលអាចជួយឱ្យរាងកាយសម្រាក និងកាត់បន្ថយភាពតានតឹង ដែលអាចជួយដល់គុណភាពនៃការគេង។
២. តែ Lemon Balm មានសារធាតុ Rosmarinic Acid ដែលអាចជួយគាំទ្រប្រព័ន្ធ GABA ក្នុងខួរក្បាល និងធ្វើឱ្យមានអារម្មណ៍ស្ងប់ ជាពិសេសនៅពេលមានភាពតានតឹង។
៣. តែបៃតងកាហ្វេអ៊ីនទាប មាន L-Theanine ដែលអាចជួយឱ្យខួរក្បាលសម្រាក ប៉ុន្តែអ្នកដែលងាយប្រតិកម្មនឹងកាហ្វេអ៊ីន គួរជៀសវាងការផឹកជិតម៉ោងចូលគេង។
៤. តែ Passionflower អាចជួយឱ្យប្រព័ន្ធប្រសាទសម្រាក និងសមស្របសម្រាប់អ្នកដែលពិបាកគេងម្តងម្កាល ដោយសារភាពតានតឹង។
៥. តែ Magnolia Bark មានសារធាតុ Magnolol និង Honokiol ដែលអាចជួយឱ្យខួរក្បាលសម្រាក និងគាំទ្រវដ្តនៃការគេង។
៦. តែ Tulsi លាយ Ashwagandha ជាតែរុក្ខជាតិដែលត្រូវបានប្រើក្នុងវេជ្ជសាស្ត្របុរាណ Ayurveda ដោយអាចជួយគ្រប់គ្រងភាពតានតឹង និងធ្វើឱ្យរាងកាយមានអារម្មណ៍ស្ងប់មុនចូលគេង។
ដើម្បីកុំឱ្យរំខានដល់ការគេង គួរផឹកតែមុនចូលគេងប្រហែល ១ម៉ោង និងពិនិត្យស្លាកផលិតផលថាមានកាហ្វេអ៊ីនឬអត់។ ស្ត្រីមានផ្ទៃពោះ អ្នកកំពុងបំបៅដោះកូន អ្នកមានជំងឺប្រចាំកាយ ឬកំពុងប្រើថ្នាំជាប្រចាំ គួរពិគ្រោះជាមួយអ្នកជំនាញសុខភាពមុនប្រើតែរុក្ខជាតិ។
សូមចងចាំថា តែមិនមែនជាថ្នាំព្យាបាលការគេងមិនលក់ទេ។ ប្រសិនបើមានបញ្ហាគេងមិនលក់ជាប្រចាំ គួរពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីស្វែងរកមូលហេតុ និងទទួលការព្យាបាលសមស្រប៕