យោងតាមការចុះផ្សាយពីប្រភពបរទេស ការមករដូវអាចធ្វើឱ្យរាងកាយបាត់បង់ឈាម និងជាតិដែក បណ្តាលឱ្យអស់កម្លាំង វិលមុខ ឈឺពោះ និងអារម្មណ៍ប្រែប្រួល។ ដូច្នេះ ការជ្រើសរើសអាហារឱ្យបានត្រឹមត្រូវអាចជួយឱ្យរាងកាយមានសុខភាពល្អ និងកាត់បន្ថយភាពមិនស្រួល។
តើមានរដូវហាមផឹកទឹកដូរមែនទេ?
ជាទូទៅ មិនមានការហាមឃាត់ការផឹកទឹកដូងពេលមករដូវទេ ហើយក៏មិនមានភស្តុតាងច្បាស់ថា ទឹកដូងធ្វើឱ្យរដូវឈប់ មកមិនទៀង ឬធ្វើឱ្យឈឺពោះរដូវកាន់តែខ្លាំងឡើយ។ ទឹកដូងមានទឹក និងសារធាតុរ៉ែ ដូចជា ប៉ូតាស្យូម និងសូដ្យូម ដែលអាចជួយបំពេញជាតិទឹកក្នុងរាងកាយបាន។
ទោះជាយ៉ាងណា គួរផឹកក្នុងបរិមាណសមរម្យ និងជ្រើសរើសទឹកដូងធម្មជាតិដែលមិនបន្ថែមស្ករ។ អ្នកមានជំងឺតម្រងនោម ឬត្រូវកំណត់ប៉ូតាស្យូម និងជាតិទឹក គួរពិគ្រោះជាមួយអ្នកជំនាញសុខភាពមុនផឹក។
អាហារដែលគួរញ៉ាំពេលមករដូវ មានដូចជា ត្រី សាច់មាន់ និងបន្លែស្លឹកបៃតងដែលសម្បូរជាតិដែក អាហារសម្បូរប្រូតេអ៊ីននិងជាតិសរសៃ ត្រីមានខ្លាញ់ល្អ Omega-3 និងអាហារដែលមានវីតាមីននិងសារធាតុរ៉ែ។ ខ្ញី និងឈើអែមក៏អាចប្រើក្នុងបរិមាណសមរម្យ ដើម្បីជួយបន្ថយភាពមិនស្រួលមួយចំនួន។
អាហារដែលគួរកាត់បន្ថយ គឺអាហារប្រៃខ្លាំង អាហារផ្អែមខ្លាំង ជាតិអាល់កុល និងកាហ្វេអ៊ីនក្នុងបរិមាណច្រើន ព្រោះអាចធ្វើឱ្យហើមពោះ ឈឺក្បាល ឬមិនស្រួលខ្លួនកាន់តែខ្លាំងនៅមនុស្សមួយចំនួន។
ជាពិសេស ទឹកត្រជាក់ ឬទឹកកកក៏មិនមានភស្តុតាងថាធ្វើឱ្យឈឺពោះរដូវ ឬធ្វើឱ្យឈាមរដូវកកជាដុំដែរ។ អ្វីដែលសំខាន់គឺស្តាប់តាមការឆ្លើយតបរបស់រាងកាយខ្លួនឯង។
ប្រសិនបើមានឈាមរដូវច្រើនខុសធម្មតា ត្រូវប្តូរក្រដាសអនាម័យរៀងរាល់ម៉ោងជាប់គ្នាច្រើនម៉ោង រដូវបន្តលើស ៧ថ្ងៃ ឬមានវិលមុខ សន្លប់ ដង្ហើមខ្លី ឬឈឺទ្រូង គួរទៅជួបគ្រូពេទ្យឱ្យបានឆាប់៕