ការទទួលទានអាហារមិនមែនផ្តោតតែលើ «ការជ្រើសរើសប្រភេទអាហារ» ប៉ុណ្ណោះទេ ប៉ុន្តែ «ពេលវេលានៃការញ៉ាំ» ក៏ជាកត្តាសំខាន់បំផុតមួយដែលកំណត់សុខភាព និងទម្ងន់របស់អ្នក។ នាឡិកាជីវសាស្ត្រក្នុងរាងកាយ (Circadian Rhythm) គ្រប់គ្រងការរំលាយអាហារ និងការដុតបំផ្លាញកាឡូរីខុសៗគ្នានៅតាមម៉ោងនីមួយៗ។
ខាងក្រោមនេះជាកាលវិភាគនៃការហូបចុកតាមពេលវេលាមាស ដើម្បីទទួលបានសុខភាពល្អ រាងស្អាត និងមិនព្រួយបារម្ភរឿងឡើងទម្ងន់៖
១. អាហារពេលព្រឹក (ចន្លោះម៉ោង ៧:០០ ព្រឹក – ៨:៣០ ព្រឹក)
សារសំខាន់៖ ជាអាហារសំខាន់បំផុតដើម្បី «ដាស់» ប្រព័ន្ធរំលាយអាហារ និងផ្តល់ថាមពលដល់ខួរក្បាល និងរាងកាយបន្ទាប់ពីការសម្រាកពេញមួយយប់។
អ្វីដែលគួរញ៉ាំ៖ អាហារដែលសម្បូរដោយ ប្រូតេអ៊ីន (Protein) និង កាបូអ៊ីដ្រាតស៊ុបភើ (Complex Carbohydrates) ដើម្បីឱ្យឆ្អែតបានយូរ និងរក្សាកម្រិតស្ករក្នុងឈាមឱ្យមានលំនឹង។
គួរចៀសវាង៖ អាហារផ្អែមខ្លាំង (នំផ្អែម, កាហ្វេទឹកដោះគោខាប់ផ្អែមខ្លាំង) ព្រោះវាធ្វើឱ្យស្ករក្នុងឈាមឡើងខ្ពស់រហ័ស និងចុះថយមកវិញលឿន ធ្វើឱ្យឆាប់ឃ្លានឡើងវិញ។
២. អាហារសម្រន់ពេលព្រឹក (ចន្លោះម៉ោង ១០:០០ ព្រឹក ១០:៣០ ព្រឹក) (ជម្រើសបន្ថែម)
សារសំខាន់៖ ការពារកុំឱ្យឃ្លានខ្លាំងពេកនៅពេលថ្ងៃត្រង់ ដែលអាចនាំឱ្យញ៉ាំអាហារថ្ងៃត្រង់ហួសកម្រិត។
អ្វីដែលគួរញ៉ាំ៖ ផ្លែឈើដែលមានស្ករទាប ឬគ្រាប់ធញ្ញជាតិ។
៣. អាហារពេលថ្ងៃត្រង់ (ចន្លោះម៉ោង ១២:០០ ថ្ងៃត្រង់ ១:៣០ រសៀល)
សារសំខាន់៖ នៅចន្លោះម៉ោងនេះ ប្រព័ន្ធរំលាយអាហារធ្វើការបានល្អបំផុត។ អាហារពេលថ្ងៃត្រង់គួរតែជា «អាហារធំបំផុត» ប្រចាំថ្ងៃ។
អ្វីដែលគួរញ៉ាំ៖ អនុវត្តតាមរូបមន្ត ចានសុខភាព ( Healthy Plate)៖
-បន្លែ ៥០%៖ បន្លែបៃតង ឬបន្លែស្រស់ចម្រុះពណ៌
-ប្រូតេអ៊ីន ២៥%៖ ទ្រូងមាន់, ត្រី, សាច់ជ្រូកសុទ្ធ, ឬតៅហ៊ូ
-កាបូអ៊ីដ្រាត ២៥%៖ បាយអង្ករសម្រូប (Brown Rice), ដំឡូងជ្វា, ឬក្វាត់ (Quinoa)
៤. អាហារសម្រន់ពេលរសៀល (ចន្លោះម៉ោង ៤:០០ រសៀល – ៤:៣០ រសៀល)
សារសំខាន់៖ ជាពេលវេលាដែលថាមពលរាងកាយចាប់ផ្តើមធ្លាក់ចុះ និងជាអន្ទាក់នៃការទិញភេសជ្ជៈផ្អែម ឬនំកញ្ចប់។
អ្វីដែលគួរញ៉ាំ៖ អាហារសម្រន់ស្រាលៗ សម្បូរជាតិកាកសរសៃ (Fiber) ឬប្រូតេអ៊ីន។
៥. អាហារពេលល្ងាច (ចន្លោះម៉ោង ៦:០០ ល្ងាច – ៧:៣០ យប់)
សារសំខាន់៖ ប្រព័ន្ធរំលាយអាហារចាប់ផ្តើមធ្វើការយឺតយ៉ាវនៅពេលយប់។ អាហារពេលល្ងាចគួរតែជា អាហារស្រាលបំផុត។
អ្វីដែលគួរញ៉ាំ៖ ផ្តោតលើ បន្លែ និងប្រូតេអ៊ីនងាយរំលាយ ហើយកាត់បន្ថយអាហារម្សៅ/បាយឱ្យនៅកម្រិតអប្បបរមា។
ញ៉ាំឱ្យបានយ៉ាងតិច ៣ ម៉ោងមុនពេលចូលគេង ! ប្រសិនបើអ្នកចូលគេងម៉ោង ១០:០០ យប់ ត្រូវបញ្ចប់អាហារពេលល្ងាចត្រឹមម៉ោង ៧:០០ យប់ជាកំហិត ដើម្បីការពារកុំឱ្យរាងកាយសង្កត់កាឡូរីទុកជាខ្លាញ់ និងការពារជំងឺច្រាលអាស៊ីតក្រពះ (GERD) ។
ការរៀបចំកាលវិភាគហូបចុកឱ្យបានត្រឹមត្រូវ និងទៀងទាត់ជារៀងរាល់ថ្ងៃ មិនត្រឹមតែជួយឱ្យអ្នករក្សាបាននូវរាងស្អាត ស្លីម និងគ្មានខ្លាញ់ក្បាលពោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អ និងមានថាមពលមាំមួនពេញមួយថ្ងៃ!