យោងតាមការចុះផ្សាយពីប្រភពបរទេស ក្រោយឆ្លងផ្តាសាយ រាងកាយត្រូវការអាហារដែលងាយរំលាយ ផ្តល់សារធាតុចិញ្ចឹម និងជួយបំពេញជាតិទឹកដែលបាត់បង់។ បបរ និងស៊ុបក្តៅៗ ជាជម្រើសល្អ ជាពិសេស បបរមាន់ ឬស៊ុបមាន់ ដែលអាចបន្ថែមខ្ញី ខ្ទឹមស្លឹក និងជីរបាន។ សាច់មាន់មានប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែ ហើយងាយរំលាយ។
សាច់គោ ក៏ជាជម្រើសល្អ ព្រោះសម្បូរប្រូតេអ៊ីន ជាតិដែក ស័ង្កសី និងវីតាមីន B6, B12 ដែលជួយផ្គត់ផ្គង់សារធាតុចិញ្ចឹមដល់រាងកាយក្នុងអំឡុងពេលស្តារកម្លាំងឡើងវិញ។ អាចយកទៅធ្វើបបរសាច់គោ ឬស៊ុបសាច់គោជាមួយការ៉ុត។
ក្រៅពីអាហារ ការផឹកទឹកឱ្យគ្រប់គ្រាន់ក៏សំខាន់ណាស់ ព្រោះពេលមានផ្តាសាយ រាងកាយអាចបាត់បង់ជាតិទឹក និងអេឡិចត្រូលីត។ ទឹកស្អាតគួរផឹកជាប្រចាំ ខណៈទឹកដូងក៏អាចជួយផ្គត់ផ្គង់ប៉ូតាស្យូម អេឡិចត្រូលីត និងថាមពលបានផងដែរ។
ខ្ញី ក៏អាចបន្ថែមក្នុងរបបអាហារ ឬឆុងជាមួយទឹកក្តៅ ព្រោះសារធាតុ gingerol ក្នុងខ្ញីមានលក្ខណៈប្រឆាំងការរលាក។ អាចបន្ថែមទឹកឃ្មុំបន្តិច ឬទឹកក្រូចឆ្មារ ដើម្បីឱ្យងាយផឹក។
សរុបមក ក្រោយផ្តាសាយ គួរផ្តោតលើ អាហារងាយរំលាយ សម្បូរប្រូតេអ៊ីន ផឹកទឹកគ្រប់គ្រាន់ និងទទួលទានបន្លែផ្លែឈើ ដើម្បីជួយឱ្យរាងកាយស្តារកម្លាំង និងត្រឡប់ទៅសភាពធម្មតាវិញ៕