យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញផ្នែកប្រព័ន្ធទឹកនោមបញ្ជាក់ថា ការរួមភេទក្នុងកម្រិតសមរម្យ មិនមែនជាមូលហេតុធ្វើឱ្យតម្រងនោមខូច ឬធ្វើឱ្យសមត្ថភាពផ្លូវភេទធ្លាក់ចុះដោយផ្ទាល់នោះទេ។ ប៉ុន្តែប្រសិនបើធ្វើញឹកញាប់ពេក ឬមិនយកចិត្តទុកដាក់លើអនាម័យ អាចបង្កបញ្ហាសុខភាព ជាពិសេសប្រព័ន្ធផ្លូវទឹកនោម។
វេជ្ជបណ្ឌិតបានព្រមានថា ការរួមភេទញឹកញាប់ពេកអាចបង្កផលប៉ះពាល់សំខាន់ៗ ៣យ៉ាង។ ទីមួយ គឺបង្កើនហានិភ័យនៃការឆ្លងមេរោគផ្លូវទឹកនោម ព្រោះក្នុងពេលរួមភេទ បាក់តេរីអាចចូលទៅក្នុងបំពង់នោមបានងាយ ជាពិសេសប្រសិនបើមិនរក្សាអនាម័យល្អ ឬមិនប្រើវិធីការពារត្រឹមត្រូវ។
ទីពីរ ការរួមភេទច្រើនដងក្នុងរយៈពេលខ្លី អាចរំខានដល់ដំណើរការបញ្ចេញទឹកនោម និងបង្កលក្ខខណ្ឌឱ្យមេរោគកើនឡើង ដែលអាចនាំទៅរកការរលាកបំពង់នោម ឬរលាកប្លោកនោម។
ទីបី ការប្រើប្រាស់ថាមពលរាងកាយខ្លាំងជាបន្តបន្ទាប់ អាចធ្វើឱ្យរាងកាយអស់កម្លាំង និងប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ ដែលធ្វើឱ្យរាងកាយងាយរងការវាយប្រហារពីបាក់តេរី និងមេរោគ។
ដើម្បីរក្សាសុខភាពផ្លូវភេទឱ្យមានសុវត្ថិភាព គួរយកចិត្តទុកដាក់លើអនាម័យមុន និងក្រោយពេលរួមភេទ លាងសម្អាតអវយវៈភេទដោយផលិតផលទន់ភ្លន់ លាងដៃ និងសម្អាតឧបករណ៍ផ្លូវភេទប្រសិនបើមានប្រើប្រាស់។
គួរសម្រាកឱ្យបានគ្រប់គ្រាន់ មិនគួរបង្ខំរាងកាយរហូតដល់អស់កម្លាំងខ្លាំង និងត្រូវប្រយ័ត្នចំពោះសញ្ញាដូចជា ឈឺឆ្អេះពេលបត់ជើងតូច បត់ជើងញឹកញាប់ ឬមានការហើម ក្រហម ឈឺចាប់នៅតំបន់អវយវៈភេទ។
អ្នកដែលមានសកម្មភាពផ្លូវភេទជាប្រចាំ គួរតែពិនិត្យសុខភាពប្រព័ន្ធទឹកនោមជាប្រចាំ ដើម្បីរកឃើញបញ្ហាដែលអាចកើតឡើងដោយមិនដឹងខ្លួន និងរក្សាសុខភាពឱ្យបានល្អប្រសើរ៕