យោងតាមការចុះផ្សាយពីប្រភពបរទេស ៦០ នាទីដំបូងក្រោយភ្ញាក់ពីដំណេក ត្រូវបានអ្នកជំនាញចាត់ទុកថាជាពេលវេលាសំខាន់ ដែលអាចជួយកំណត់អារម្មណ៍ និងប្រសិទ្ធភាពការងារពេញមួយថ្ងៃ។ មនុស្សជោគជ័យជាច្រើនមិនចាប់ផ្តើមថ្ងៃដោយលេងទូរស័ព្ទទេ ប៉ុន្តែផ្តោតលើការរៀបចំរាងកាយ និងគំនិតឱ្យរួចរាល់ជាមុន។
ក្នុងរយៈពេល ១០ នាទីដំបូង ពួកគេក្រោកពីគេងភ្លាម ផឹកទឹកមួយកែវធំ និងរៀបចំគ្រែឱ្យមានរបៀបរៀបរយ។ បន្ទាប់មក ចំណាយពេលធ្វើសមាធិ ឬដកដង្ហើមជ្រៅៗ ដើម្បីកាត់បន្ថយភាពតានតឹង និងបង្កើនការផ្តោតអារម្មណ៍។
បន្ទាប់ពីនោះ ពួកគេធ្វើចលនារាងកាយ ដូចជាលាតសន្ធឹងសាច់ដុំ ហាត់ប្រាណស្រាលៗ ឬងូតទឹកត្រជាក់ ដើម្បីជំរុញចរន្តឈាម និងបង្កើនថាមពល។ ក្រោយមក កំណត់ការងារសំខាន់បំផុត ១–៣ សម្រាប់ថ្ងៃនោះ ដើម្បីជួយគ្រប់គ្រងពេលវេលា និងរក្សាការផ្តោតលើគោលដៅ។
នៅចុងក្រោយ ពួកគេទទួលទានអាហារពេលព្រឹកដែលមានប្រូតេអ៊ីន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ ឬស្តាប់ផតខាស និងអានសៀវភៅខ្លីៗ ដើម្បីបង្កើនចំណេះដឹង និងផ្នត់គំនិតវិជ្ជមានមុនចាប់ផ្តើមការងារ។
សរុបមក ការបង្កើតទម្លាប់ល្អក្នុង ៦០ នាទីដំបូងនៃពេលព្រឹក អាចជួយបង្កើនវិន័យ ការផ្តោតអារម្មណ៍ និងប្រសិទ្ធភាពការងារ ហើយជាមូលដ្ឋានដ៏សំខាន់សម្រាប់ការសម្រេចគោលដៅក្នុងជីវិត៕