យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនគិតថា ក្បាលពោះធំបណ្តាលមកពីការញ៉ាំច្រើន ឬមិនសូវហាត់ប្រាណ។ ប៉ុន្តែអ្នកជំនាញព្រមានថា ការគេងមិនគ្រប់គ្រាន់ជាប្រចាំ ក៏អាចជំរុញឱ្យខ្លាញ់ក្បាលពោះកើនឡើងផងដែរ។
នៅពេលគេងតិច រាងកាយនឹងបញ្ចេញអ័រម៉ូនស្ត្រេស (Cortisol) កាន់តែច្រើន ដែលអាចជំរុញឱ្យស្តុកខ្លាញ់ជុំវិញសរីរាង្គក្នុងពោះ និងបង្កើនហានិភ័យជំងឺទឹកនោមផ្អែម លើសឈាម ជំងឺបេះដូង និងថ្លើមខ្លាញ់។ ជាមួយគ្នានេះ ការគេងមិនគ្រប់ក៏ធ្វើឱ្យអ័រម៉ូនឆ្អែតថយចុះ និងអ័រម៉ូនឃ្លានកើនឡើង ដែលធ្វើឱ្យងាយឃ្លាន និងចង់ញ៉ាំអាហារមានកាឡូរីខ្ពស់។
លើសពីនេះ ការគេងតិចអាចបន្ថយប្រសិទ្ធភាពរបស់អាំងស៊ុយលីន ធ្វើឱ្យរាងកាយងាយស្តុកខ្លាញ់នៅតំបន់ពោះ និងបង្កើនហានិភ័យជំងឺទឹកនោមផ្អែម។ មនុស្សដែលគេងមិនគ្រប់ក៏ច្រើនតែហត់នឿយ មិនសូវធ្វើសកម្មភាពរាងកាយ និងដុតបំផ្លាញថាមពលតិចជាងមុន។
ការសិក្សារបស់ Mayo Clinic បានរកឃើញថា អ្នកដែលគេងត្រឹម ៤ ម៉ោងក្នុងមួយយប់ រយៈពេល ២ សប្តាហ៍ ទទួលទានអាហារកើនឡើងប្រមាណ ៣០០ កាឡូរីក្នុងមួយថ្ងៃ និងមានខ្លាញ់ជុំវិញសរីរាង្គក្នុងពោះកើនឡើងប្រហែល ១១% ទោះទម្ងន់មិនកើនច្រើនក៏ដោយ។
អ្នកជំនាញណែនាំឱ្យមនុស្សពេញវ័យគេងឱ្យបាន ៧–៩ ម៉ោងក្នុងមួយយប់ ចូលគេង និងក្រោកពីគេងឱ្យបានទៀងទាត់ ជៀសវាងប្រើទូរស័ព្ទមុនចូលគេង កាត់បន្ថយភេសជ្ជៈមានជាតិកាហ្វេអ៊ីននៅពេលល្ងាច និងហាត់ប្រាណជាប្រចាំ។
សរុបមក បើក្បាលពោះនៅតែធំឡើង ទោះមិនញ៉ាំច្រើនក៏ដោយ កុំមើលរំលងការគេង ព្រោះការគេងគ្រប់គ្រាន់ គឺជាកត្តាសំខាន់ក្នុងការគ្រប់គ្រងទម្ងន់ និងកាត់បន្ថយខ្លាញ់ក្បាលពោះ៕