ប្រសិនបើអ្នកតែងតែមានអារម្មណ៍ថាអស់កម្លាំង ល្វើយៗ និងគ្មានថាមពលក្នុងខ្លួន ទោះបីជាមិនបានធ្វើការធ្ងន់ធ្ងរក៏ដោយ នោះមិនមែនមកពីអ្នក “ខ្ជិល” ឡើយ។ រាងកាយរបស់អ្នកកំពុងផ្ញើសារព្រមានអំពីទម្លាប់រស់នៅ និងសុខភាពខាងក្នុង។
ខាងក្រោមនេះជាមូលហេតុពិតប្រាកដដែលបំផ្លាញថាមពលរបស់អ្នក និងវិធីកែប្រែ៖
១. គុណភាពនៃការគេងមិនល្អ (Sleep Quality)
មូលហេតុ៖ ការគេងគ្រប់ ៧-៨ ម៉ោង មិនប្រាកដថា គេងលក់ស្ងប់នោះទេ។ ការប្រើប្រាស់ទូរស័ព្ទមុនគេង ការគេងមិនទៀងពេល ឬបញ្ហាដកដង្ហើមរំខានពេលគេង (Sleep Apnea) សុទ្ធតែធ្វើឱ្យខួរក្បាលមិនបានសម្រាកពេញលេញ។
ដំណោះស្រាយ ៖ បិទអេក្រង់អេឡិចត្រូនិចយ៉ាងតិច ៣០ នាទីមុនគេង បង្កើតបរិយាកាសបន្ទប់ឱ្យងងឹត និងត្រជាក់ ហើយចូលគេងឱ្យទៀងម៉ោង។
២. ការខ្វះជាតិទឹកក្នុងរាងកាយ
មូលហេតុ៖ នៅពេលរាងកាយខ្វះទឹក សម្ពាធឈាមនឹងធ្លាក់ចុះ បេះដូងត្រូវធ្វើការធ្ងន់ជាងមុនដើម្បីបូមឈាម និងអុកស៊ីសែនទៅកាន់ខួរក្បាល និងសាច់ដុំ ដែលបណ្តាលឱ្យអ្នកល្វើយ និងវិលមុខ។
ដំណោះស្រាយ៖ ញ៉ាំទឹកឱ្យបាន ២ ទៅ ២.៥ លីត្រក្នុងមួយថ្ងៃ។ កុំរង់ចាំទាល់តែស្រេកទឹកទើបញ៉ាំ!
៣. ការហូបចុកមិនមានតុល្យភាព និងខ្វះសារធាតុចិញ្ចឹម
មូលហេតុ៖
ស្ករ និងម្សៅច្នៃ ៖ ការញ៉ាំបង្អែម ឬភេសជ្ជៈផ្អែមៗ ធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ភ្លាមៗ ហើយធ្លាក់ចុះមកវិញយ៉ាងរហ័ស (Sugar Crash) បណ្តាលឱ្យអស់កម្លាំងភ្លាមៗ។
ខ្វះជាតិដែក ឬវីតាមីន B12៖ ការខ្វះជាតិដែកនាំឱ្យកើតជំងឺរាំងស្ងួតគ្រាប់ឈាម (Anemia) ដែលធ្វើឱ្យរាងកាយដឹកនាំអុកស៊ីសែនមិនបានល្អ។
ដំណោះស្រាយ៖ កាត់បន្ថយស្ករ បង្កើនការញ៉ាំបន្លែបៃតង ត្រី សាច់ឥតខ្លាញ់ ស៊ុត និងគ្រាប់ធញ្ញជាតិ។
៤. ស្ត្រេសរ៉ាំរ៉ៃ និងសម្ពាធផ្លូវចិត្ត (Chronic Stress & Burnout)
មូលហេតុ៖ ការគិតច្រើន ឬស្ត្រេសបន្តបន្ទាប់ ធ្វើឱ្យរាងកាយបញ្ចេញអ័រម៉ូន CORTISOL ច្រើនហួសប្រមាណ។ នៅពេលអ័រម៉ូននេះឡើងខ្ពស់យូរពេក វាប្រៀបដូចជាម៉ាស៊ីនរថយន្តដែលដំណើរការល្បឿនអតិបរមាគ្មានឈប់ បណ្តាលឱ្យរាងកាយល្វើយខ្លាំង។
ដំណោះស្រាយ៖ សមាធិ ធ្វើលំហាត់ប្រាណស្រាលៗ ឬចំណាយពេលធ្វើកិច្ចការដែលអ្នកចូលចិត្តដើម្បីកាត់បន្ថយសម្ពាធខួរក្បាល។
៥. កង្វះសកម្មភាពរាងកាយ
មូលហេតុ៖ ការអង្គុយមួយកន្លែងយូរពេក ធ្វើឱ្យប្រព័ន្ធរត់នៃឈាម និងការដុតរំលាយអាហារ (Metabolism) យឺតយ៉ាវ។ កាលណាអ្នកកាន់តែមិនធ្វើចលនា រាងកាយនឹងកាន់តែមានអារម្មណ៍ថាអស់កម្លាំង។
ដំណោះស្រាយ៖ ដើរយ៉ាងតិច ២០-៣០ នាទីជាប្រចាំថ្ងៃ ឬធ្វើលំហាត់ប្រាណស្រាលៗដើម្បីរំញោចការបញ្ចេញអ័រម៉ូន Endorphins ដែលបង្កើតថាមពល។
៦. បញ្ហាសុខភាពលាក់កំបាំង
មូលហេតុ៖ ប្រសិនបើអ្នកបានគេងគ្រប់គ្រាន់ និងហូបចុកល្អហើយ ប៉ុន្តែនៅតែល្វើយខ្លាំង វាអាចមកពីបញ្ហាសុខភាពដូចជា៖ ជំងឺក្រពេញទីរ៉ូអ៊ីត (Hypothyroidism) ជំងឺទឹកនោមផ្អែម ឬការប្រែប្រួលអ័រម៉ូន។
ដំណោះស្រាយ៖ គួរទៅជួបវេជ្ជបណ្ឌិតដើម្បីពិនិត្យឈាម និងសុខភាពទូទៅ។