យោងតាមការចុះផ្សាយពីប្រភពបរទេស ការញ៉ាំអាហាររបស់កុមារ មិនមែនគ្រាន់តែជាការទទួលសារធាតុចិញ្ចឹមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាពេលវេលាដែលខួរក្បាលកំពុងហ្វឹកហាត់សមត្ថភាពសំខាន់ៗ ដូចជា ការផ្តោតអារម្មណ៍ ការគ្រប់គ្រងអារម្មណ៍ ការសម្រេចចិត្ត និងការគ្រប់គ្រងខ្លួនឯង។
អ្នកជំនាញបញ្ជាក់ថា នៅវ័យ ០–៦ ឆ្នាំ ខួរក្បាលកុមាររីកចម្រើនយ៉ាងលឿន ដោយបង្កើតការតភ្ជាប់សរសៃប្រសាទជាច្រើន។ ដូច្នេះ ទម្លាប់តូចៗក្នុងពេលបរិភោគអាហារ អាចជួយបង្ហាញពីការអភិវឌ្ឍសមត្ថភាពរបស់កុមារបានខ្លះៗ។
ទី១ កូនអាចញ៉ាំដោយខ្លួនឯង
ការឲ្យកូនកាន់ស្លាបព្រា និងញ៉ាំដោយខ្លួនឯង មិនត្រឹមតែជាការហាត់ជំនាញទេ ប៉ុន្តែជួយអភិវឌ្ឍការសម្របសម្រួលរវាងភ្នែក ដៃ និងខួរក្បាល ព្រមទាំងបង្កើនការផ្តោតអារម្មណ៍ និងភាពឯករាជ្យ។
ទី២ អាចអង្គុយញ៉ាំដោយផ្តោតអារម្មណ៍
កុមារដែលអាចអង្គុយញ៉ាំរយៈពេលប្រហែល ២០–៣០ នាទី ដោយមិនរត់លេង ឬមើលទូរស័ព្ទជាប់ជានិច្ច កំពុងហាត់សមត្ថភាពផ្តោតអារម្មណ៍ ដែលមានប្រយោជន៍សម្រាប់ការសិក្សានាពេលអនាគត។
ទី៣ មិនជ្រើសរើសអាហារខ្លាំងពេក
ការបើកចិត្តសាកល្បងអាហារថ្មីៗ អាចបង្ហាញពីសមត្ថភាពសម្របខ្លួនរបស់ខួរក្បាល។ ផ្ទុយទៅវិញ កុមារដែលបដិសេធអាហារជាច្រើនប្រភេទ អាចប្រឈមនឹងការខ្វះសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ការលូតលាស់ខួរក្បាល។
ទី៤ ចេះបញ្ឈប់ញ៉ាំនៅពេលឆ្អែត
នៅពេលកុមារអាចប្រាប់ថា “ឆ្អែតហើយ” និងបញ្ឈប់ការញ៉ាំដោយខ្លួនឯង នេះជាសញ្ញានៃការអភិវឌ្ឍសមត្ថភាពគ្រប់គ្រងខ្លួនឯង។ ឪពុកម្តាយមិនគួរបង្ខំកូនឱ្យញ៉ាំលើសតម្រូវការរាងកាយទេ។
ទី៥ ចូលចិត្តសួរសំណួរ និងសង្កេតអ្វីៗនៅពេលញ៉ាំ
ពេលញ៉ាំអាហារ ក៏អាចជាពេលរៀនដ៏ល្អសម្រាប់កុមារ។ ការសួរអំពីពណ៌អាហារ រសជាតិ ឬមូលហេតុដែលអាហារផ្លាស់ប្តូរពណ៌ បង្ហាញពីភាពចង់ដឹងចង់ឃើញ និងការអភិវឌ្ឍការគិត។
ទី៦ អាចគ្រប់គ្រងអារម្មណ៍ពេលមិនចូលចិត្តអាហារ
កុមារដែលអាចនិយាយថា “ខ្ញុំមិនចូលចិត្តម្ហូបនេះទេ” ជំនួសឱ្យយំ ឬខឹងខ្លាំង កំពុងបង្ហាញពីសមត្ថភាពគ្រប់គ្រងអារម្មណ៍។ បរិយាកាសញ៉ាំអាហារដែលមិនមានការស្តីបន្ទោស ឬបង្ខំ អាចជួយឱ្យកុមាររៀនគ្រប់គ្រងខ្លួនបានល្អជាងមុន។
សរុបមក ទម្លាប់ញ៉ាំអាហាររបស់កុមារ មិនអាចកំណត់ថាកូនឆ្លាត ឬមិនឆ្លាតទាំងស្រុងបានទេ ប៉ុន្តែវាអាចជាសញ្ញាមួយបង្ហាញពីការអភិវឌ្ឍខួរក្បាល និងជំនាញសំខាន់ៗដែលជាមូលដ្ឋានសម្រាប់ការរៀន និងការរស់នៅនាពេលអនាគត៕