យោងតាមការចុះផ្សាយពីប្រភពបរទេស ទូទឹកកកអាចជួយរក្សាអាហារឱ្យស្រស់បានយូរ ប៉ុន្តែបើប្រើប្រាស់មិនត្រឹមត្រូវ វាក៏អាចក្លាយជាកន្លែងបង្កើនការលូតលាស់របស់បាក់តេរី និងបង្កហានិភ័យជំងឺពុលអាហារផងដែរ។ អ្នកជំនាញផ្នែកអាហារូបត្ថម្ភបានណែនាំឱ្យជៀសវាងកំហុសទាំង ៨ ខាងក្រោម៖
១. មិនសម្អាតអាហារមុនដាក់ទូទឹកកក
បន្លែ ផ្លែឈើ សាច់ និងអាហារសមុទ្រអាចមានបាក់តេរីជាប់មកជាមួយ។ គួរលាងសម្អាត និងសម្ងួតឱ្យស្ងួត មុនដាក់ក្នុងប្រអប់ ឬថង់សម្រាប់រក្សាអាហារ។
២. ដាក់អាហារខុសកន្លែង
កុំដាក់ស៊ុត ឬទឹកដោះគោនៅលើទ្វារទូទឹកកក ព្រោះសីតុណ្ហភាពនៅទីនោះប្រែប្រួលញឹកញាប់។ គួរបំបែកអាហារឆៅ និងអាហារឆ្អិនឱ្យនៅដាច់ពីគ្នា ដើម្បីកាត់បន្ថយការឆ្លងបាក់តេរី។
៣. មិនបិទអាហារឱ្យជិត
អាហារដែលបើកចំហ ងាយរងការបំពុល និងស្រូបក្លិនពីអាហារផ្សេងៗ។ គួរប្រើប្រអប់បិទជិត ឬថង់សម្រាប់រក្សាអាហារ។
៤. ទុកអាហារយូរពេក
ទោះដាក់ទូទឹកកកក៏ដោយ អាហារមិនអាចរក្សាទុកបានរហូតទេ។ បន្លែ ម្ហូបឆ្អិន និងអាហារស្រស់ គួរប្រើប្រាស់ក្នុងរយៈពេលសមស្រប ដើម្បីកាត់បន្ថយហានិភ័យបាក់តេរី។
៥. រង់ចាំឱ្យអាហារត្រជាក់ទាំងស្រុងទើបដាក់ទូទឹកកក
ការទុកអាហារនៅសីតុណ្ហភាពបន្ទប់យូរពេក អាចជំរុញឱ្យបាក់តេរីលូតលាស់។ គួរដាក់អាហារចូលទូទឹកកកក្រោយចម្អិនបានមួយសន្ទុះ និងបិទឱ្យជិត។
៦. ប្រើថង់ប្លាស្ទិកធម្មតាសម្រាប់រក្សាអាហារ
ថង់ប្លាស្ទិកមួយចំនួនមិនសមស្របសម្រាប់ប៉ះពាល់អាហារទេ។ គួរប្រើថង់ ឬប្រអប់ដែលផលិតសម្រាប់រក្សាអាហារដោយផ្ទាល់។
៧. បង្កកអាហារម្តងទៀតក្រោយរលាយ
ការបង្កកឡើងវិញ អាចបង្កើនការលូតលាស់របស់បាក់តេរី និងធ្វើឱ្យគុណភាពអាហារធ្លាក់ចុះ។ គួរបែងចែកអាហារជាចំណែកតូចៗ មុនបង្កក។
៨. មិនសម្អាតទូទឹកកកជាប្រចាំ
ទូទឹកកកដែលកខ្វក់អាចប្រមូលផ្តុំបាក់តេរី និងក្លិនមិនល្អ។ គួរសម្អាតយ៉ាងហោចណាស់ម្តងក្នុងមួយខែ និងបោះចោលអាហារដែលផុតកំណត់។
សរុបមក ការប្រើប្រាស់ទូទឹកកកឱ្យបានត្រឹមត្រូវ មិនត្រឹមតែជួយរក្សាគុណភាពអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយហានិភ័យពុលអាហារ និងការឆ្លងមេរោគដែលអាចប៉ះពាល់ដល់សុខភាពផងដែរ៕